ខេត្តប៉ៃលិន ៖ បន្ទាប់ពីប្រជាកសិករទទួលរងផលប៉ះពាល់ដល់ដំណាំពោត ដោយសារការទិញថ្នាំកសិកម្មពីស្តង់ យកទៅបាញ់លើដំណាំរបស់ពួកគាត់ ហើយត្រូវបានងាប់ និងខូចខាតអស់ជាច្រើនហិចតា កាលពីពេលប៉ុន្មានថ្ងៃកន្លងមក រហូតដល់ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ ខាងមន្ទីរកសិកម្មខេត្ត បានហៅតំណាងក្រុមហ៊ុន "អង្គរហ្គ្រីន” ឱ្យជួបពិភាក្សា និងរកដំណោះស្រាយជូនប្រជាកសិករ ដែលមានផលប៉ះពាល់ទាំងនោះជាង១០គ្រួសារ ។ ក្រោយពីប្រជុំរួចមក ខាងមន្ទីរ ក៏ដូចជាតំណាងក្រុមហ៊ុន និងប្រជាកសិករទាំងអស់ បានចុះទៅកន្លែងពិសោធន៍ថ្នាំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រជាកសិករដែលរងផលប៉ះពាល់ទាំងនោះ បានឱ្យអះអាងថា ពួកគាត់បានទិញថ្នាំបាញ់ស្មៅពីស្តង់លក់ថ្នាំកសិកម្មនានានៅក្នុងក្រុងប៉ៃលិន យកទៅបាញ់លើដំណាំពោតរបស់ពួកគាត់ ដើម្បីប៉ូវ និងកំចាត់ស្មៅឱ្យដំណាំទទួលផលល្អ ដែលមានឈ្មោះថ្នាំ “អង្គរឧត្តរ” និងលាយជាមួយថ្នាំផ្សេងៗទៀតដែលឈ្មួញនាំចូលមកពីប្រទេសថៃ ។ ពួកគាត់បន្តថា ក្រោយពីបានប្រើថ្នាំទាំងនោះរួចមក រយៈពេលប្រមាណ៤ទៅ៥ថ្ងៃ ស្រាប់តែដំណាំពោតរបស់ពួកគាត់ប្រែទៅជាក្រហម ងាប់អស់តែម្តង ដែលកន្លងមកពួកគាត់ប្រើដូចគ្នានេះដែរ មិនធ្លាប់មានបញ្ហាអ្វីទេ ហើយក្រោយពីមានបញ្ហាខាងលើ ពួកគាត់ក៏បាននាំគ្នាមករាយការណ៍ទៅខាងម្ចាស់ស្តង់លក់ថ្នាំកសិកម្ម និងបន្តរាយការណ៍ជូនទៅខាងមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តប៉ៃលិន ឱ្យជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់ ។ បើតាមលោក ចាន់ សុភក្ត្រ តំណាងក្រុមហ៊ុន “អង្គរហ្គ្រីនអ៊ិនវេសមេនអេនឌីវេឡុបមេនលីមីតធីត” (អេជីអាយឌី) បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវ មានកម្រិតតាំងពីឆ្នាំ២០១១មកម្លេះ ។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទាំងអស់ សុទ្ធតែមានបញ្ចិកាត្រឹមត្រូវ ពីក្រសួងកសិកម្ម និងមានទំនួលខុសត្រូវខ្ពស់ ចំពោះបញ្ហាដែលកើតឡើង បណ្តាលឱ្យមកពីផលិតផលរបស់ខ្លួន ដោយមានតម្លាភាព ព្រមទាំងមានភស្តុតាងបញ្ជាក់ច្បាស់លាស់ ។ លោកបានបន្តទៀតថា ក្រុមហ៊ុនអង្គរហ្គ្រីនមានថ្នាំឈ្មោះ “អង្គរឧត្តរ” ដែលមានបញ្ហានៅក្នុងខេត្តប៉ៃលិន ចំពោះថ្នាំនេះដែរ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីកសិករ ដាំដំណាំពោត ក្នុងអំឡុងពេលពីរឆ្នាំកន្លងមកនេះទូទាំងប្រទេស ដោយធ្វើឱ្យមានការលក់ដាច់ស្តុបជាញឹកញាប់ ហើយត្រូវបានលក់នឹងប្រើប្រាស់ដោយកសិករនៅក្នុងខេត្តប៉ៃលិនអស់រាប់រយកេះរួចមកហើយ ដោយមិនធ្លាប់មានបញ្ហាងាប់ដំណាំពោតនោះទេ ពិសេសទៅទៀត ចំពោះថ្នាំខាងលើ ខាងក្រុមហ៊ុនបានបញ្ជាក់ការហាមឃាត់ ចំពោះពូជពោតមួយចំនួននៅលើសំបកដប ដោយបកប្រែជាអក្សរខ្មែរថែមទៀតផង ។ ក្នុងនោះខាងមន្ទីរកសិកម្មខេត្តបានសិក្សា និងសម្រេចចិត្តធ្វើពិសោធន៍ថ្នាំពាក់ព័ន្ធទាំងនោះឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ និងមានតម្លាភាពចំពោះភាគីពាក់ព័ន្ធទាំងនោះដូចជា កសិករបានទិញថ្នាំបាញ់ស្មៅពោតពីស្តង់យកទៅបាញ់ដោយប្រើថ្នាំអង្គរឧត្តរ លាយជាមួយថ្នាំបាញ់ស្មៅជាផលិតផលថៃ ២មុខទៀត ។ ចំពោះបច្ចេកទេសប្រើវិញខាងជំនាញពន្យល់ថា ការប្រើថ្នាំអង្គរឧត្តកំរិត១០សេសេដាក់ទឹក៥លីត្រ ជាលទ្ធផលស្មៅងាប់ល្អ ហើយពោតលូតលាស់ធម្មតា ។ តែបើប្រើប្រាស់ហួសកម្រិតខុសបច្ចេកទេសនឹងការណែនាំរបស់ក្រុមហ៊ុន អាចធ្វើឱ្យប៉ះពាល់ដល់ដំណាំរបស់ខ្លួន ។ ចំណែកលោក ឆាង សត្យា ប្រធានការិយាល័យនីតិកម្មនៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ក្រោយពីធ្វើការពិសោធន៍អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញថា ថ្នាំអង្គរឧត្តរបស់ក្រុមអង្គរហ្គ្រីន គឺមានច្បាប់ត្រឹមត្រូវ និងមានគុណភាពខ្ពស់ ហើយបញ្ហាពោតងាប់នេះ បណ្តាលមកពីកសិករ បាញ់ថ្នាំដោយប្រើប្រាស់ថ្នាំដទៃទៀតដែលនាំចូលមកពីប្រទេសថៃ ដោយមិនបានបកប្រែជាភាសាខ្មែរ និងប្រើប្រាស់លើសកំរិត ។ ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ ប្រើប្រាស់ថ្នាំកសិកម្ម ឬជីគីមី ដែលជារបស់ក្រុមហ៊ុនស្របច្បាប់ ព្រោះគេមានបកប្រែជាភាសាខ្មែរងាយយល់ស្រួលក្នុង ការប្រើប្រាស់ ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនស្របច្បាប់គឺគេទទួលខុសត្រូវរាល់បញ្ហាប៉ះពាល់ទាំងឡាយ ចំពោះប្រជាកសិករយើង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ