កែប ៖ នៅសាលប្រជុំធំសាលាខេត្តកែប ព្រឹកថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៧នេះរដ្ឋបាលខេត្ត បានធ្វើវេទិកា អប់រំផ្សព្វផ្សាយ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក លោកស្រីេ ជាអភិបាលរងខេត្តជាច្រើនរូប ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញទូទាំងខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការក្នុងខេត្តកែបទាំងមូល។លោកកែន សត្ថា អភិបាលខេត្តកែបបានឲ្យដឹងថា សត្រូវធំជាងគេ ក្នុងការរាំងស្ទះនូវការអភិវឌ្ឍន៍ប្រទេសជាតិគឺសង្គ្រាម ហើយគ្រឿងញៀនក៏ជាមុខសញ្ញាសង្គ្រាមធំបំផុតមួយ ដែលបាននិងកំពុងប្រឈមនឹងការអភិវឌ្ឍន៍ប្រទេស ។ លោកលើកឡើងយ៉ាងដូច្នោះថា កន្លងមក និងបច្ចុប្បន្នក៏ដូចជាអនាគត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំយកចិត្តទុកដាក់បំផុត ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសការប្រឆាំងនឹងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជាការកាត់បន្ថយតម្រូវការគ្រឿងញៀន ការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន ការព្យាបាលស្តារនីតិសម្បទានិងធ្វើសមាហរណកម្ម ការពង្រឹងសមត្ថភាពអនុវត្តច្បាប់ កិច្ចសហប្រតិបតិ្តការអន្តរជាតិ ដោយរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តវិធានការយុទ្ធសាស្ត្រជាច្រើន រួមមាន៖ ការអប់រំ ផ្សព្វផ្សាយ បង្ការទប់ស្កាត់ បដិសេធគ្រឿងញៀន ការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងការចាកចេញពីគ្រឿងញៀន។ការពង្រឹងប្រសិទ្ធភាពស្ថាប័នអនុវត្តច្បាប់ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ការបន្តកិច្ចសហប្រតិបតិ្តការអន្តរជាតិជាមួយប្រទេសជាប់ព្រំដែន និងប្រទេសក្នុងតំបន់ ក៏ដូចជាដៃគូអភិវឌ្ឍនានា ព្រមទាំងពង្រឹងយន្តការពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ជាមួយនេះក្នុងភូមិសាស្ត្រខេត្តកែបក៏បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយដល់មន្ត្រីនគរបាលចំនួន៤៨លើកដែលមានមនុស្សចូលរួម ៣.៤២១នាក់ ស្រី៦៦២នាក់ និងផ្សព្វផ្សាយតាមវេទិកានានា នៅតាមសាលារៀន វត្តអារាមនិងវិហារឥស្លាម ២០២លើក មានអ្នកចូលរួម៣០.៦៧៥នាក់ ស្រី១៤.១១៣នាក់។ បានអប់រំនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា និងមូលដ្ឋានអាជីវកម្មផ្សេងៗចំនួន៣១លើក មានមនុស្សចូលរួម២៧៨នាក់ ស្រី១៥៤នាក់។ថ្លែងសំណេះសំណាលក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសង្កត់ធ្ងន់ថា គ្រឿងញៀនគឺជាសត្រូវធំជាងគេបំផុតក្នុងពិភពលោក។ទន្ទឹមនឹងបញ្ងាប្រឈមជាច្រើន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែង ក្នុងគោលដៅពង្រឹងថែមទៀតនូវកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯករាជ្យជាតិនិងឯកភាពទឹកដី សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សនិងភាពសុខសាន្តក្នុងសង្គម ។ យើងដឹងហើយថា សត្រូវដ៏ធំក្នុងការអភិវឌ្ឍន៍ប្រទេស គឺជាគ្រឿងញៀននេះឯង។លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ដើម្បីធានាសុវត្ថិភាពនិងយល់ដឹងពីកត្តាគ្រោះថ្នាក់និងផលអវិជ្ជមានដែលកើតចេញពីគ្រឿងញៀន គួរតែជម្រុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយកើតមានបទល្មើសគ្រឿងញៀន។ ពង្រឹងចំណាត់ការវិធានការរដ្ឋបាលនិងការអនុវត្តវិធានការឲ្យបានមឺុងម៉ាត់ ចំពោះគោលដៅដែលងាយបង្កនិងកើតមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមរយៈជម្រុញឲ្យមានការកំណត់ភូមិសាស្ត្រ និងគោលដៅអាទិភាពជាក់លាក់ ព្រមទាំងមានកម្មវិធីការងារសម្រាប់កិច្ចការនេះច្បាស់លាស់ជាប្រចាំ។ ជម្រុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសទប់ស្កាត់ការនាំចូលពីក្រៅប្រទេស និងស្រាវជ្រាវបង្ក្រាបឲ្យបាននូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ព្រមជាមួយនឹងការយកចិត្តទុកដាក់ការថែបំប៉ន និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបតិ្តការអន្តរជាតិសំដៅធ្វើឲ្យការបង្ក្រាបគ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ