កែប ៖ ដើម្បីសុវត្ថិភាពក្នុងការបើកបរនៅលើដងផ្លូវសាធារណៈ និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ នៅព្រឹកថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៧នេះ ខេត្តកែបបានបើកយុទ្ធនាការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសំណាក់ លោកទេព យុទ្ធី អភិបាលរងខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប លោកម៉ម ទូច ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប អជ្ញាធរដែនដី និងមន្ត្រីជំនាញផងដែរ។យុទ្ធនាការខាងលើនេះ គឺអនុវត្តតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងសហការគាំទ្រពីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបាននិងកំពុងជម្រុញនៅតាមបណ្តាគ្រប់រាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ហើយទិសដៅនេះនឹងបានជួយក្រើនរំលឹកដល់មហាជនគ្រប់ស្រទាប់ ពិសេសអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ចេះគោរពច្បាប់ចរាចរណ៍ ចេះយោគយល់គ្នាក្នុងនាមជាអ្នកបើកបរដូចគ្នា។លោកទេព យុទ្ធី អភិបាលរងខេត្តកែប បានលើកឡើងថា បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយ៉ាងក្តៅគគុកមួយ ដែលធ្វើឲ្យយើង បាត់បង់អាយុជីវិត ក្លាយជាជនពិកា បាត់បង់កាយសម្បទារថែមទាំងបានបំផ្លាញទ្រព្យសម្បតិ្តរបស់យើងផងដែរ។ជាទូទៅគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងភាគច្រើនផ្តើមចេញពីកត្តាមនុស្ស ដូចជាការបើកបរក្នុងភាពប្រថុយប្រថាន ការបើកបរក្នុងល្បឿនហួសកំណត់ ការបើកបរមិនគោរពច្បាប់ ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ល។ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីកត្តាយានយន្តឬកត្តាបច្ចេកទេសគឺមិនសូវកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ លោកថា ដើម្បីកាត់បន្ថនូវអត្រាគ្រោះថ្នាក់នេះ គប្បីយើងចូលរួមគោរពច្បាប់ទាំងអស់គ្នា ការធ្វើចរាចរណ៍នៅលើដងវិថី រមែងជួបឧបសគ្គប៉ុន្តែបើយើងមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា ពិតជាគ្មានអ្វីកើតឡើងនោះទេ។ដងផ្លូវមានការបែងចែកគំនូសច្បាស់លាស់រវាងម៉ូតូនិងរថយន្តរួចហើយ ចឹងបើយើងចេះយោគយល់គ្នាក៏គ្មានសោកនាដកម្មកើតឡើងនៅលើដងវិថីបែបនេះឡើយ។ម្យ៉ាងទៀតចការធ្វើចរាចរណ៍ក៏ត្រូវតែកំណត់ល្បឿនរបស់វា បើក្នុងទីប្រជុំជនគឺបើកបរក្នុងល្បឿនពី២០ទៅ៣០គ.ម/ម៉ោង និង៦០គ.ម/ម៉ោងចំពោះដងផ្លូវណាដែលទូលាឆ្ងាយពីទីប្រជុំជន។ជាមួយនឹងការសហការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ លោកម៉ម ទូច ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប បានពន្យល់ថា នេះជាច្បាប់ដែលជម្រុញឲ្យមហាជនយល់ដឹងនូវអត្រាគ្រោះថ្នាក់ផ្តើមពីការបើកបរមិនគោរពច្បាប់ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងប្រឈមយូរអង្វែងដរាបណាអ្នកប្រើប្រាស់យានយន្តបើកបរមានការធ្វេសប្រហែសឬខ្ជីខ្ជាមិនគោរពច្បាប់។ដូច្នេះដើម្បីបញ្ចៀសនូវបញ្ហាខាងលើ យើងទាំងអស់គ្នាគប្បីពេលធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា។មិនត្រូវបើកបរក្នុងល្បឿនលើសកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវគោរពអទិភាព គោរពផ្លាកសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ចំពោះអ្នកបើកបររថយន្តក៏ត្រូវអនុវត្តឲ្យបានជាប្រចាំរាល់ការបើកបរត្រូវពាក់ខ្សែក្រវាត់ មិនត្រូវបត់ឬវ៉ា ជែងក្នុងភាពប្រថុយថាននិងប្រើទូរស័ព្ទជាដាច់ខាត។មុនធ្វើដំណើរត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ។ កុំផ្ទុកមនុស្សឬទំនិញលើសចំណុះ មិនត្រូវបើកបរក្នុងពេលងងុយដេក ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយសីលធម៌យោគយល់គ្នាជានិច្ច។ផ្តើមពីកិច្ចពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ លោកឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការនគរបាលខេត្តកែប ក៏បានបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី៣នេះអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត មានអត្រាកើនឡើងជាងឆ្នាំមុន ដោយតួលេខខាងលើអាចវាយតម្លៃប្រហាក់ប្រហែលជា៧០%នៃគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស។ទន្ទឹមនឹងកិច្ចពង្រឹងនេះ លោកស្នងការខេត្តកែប ក៏បានជម្រុញឲ្យបងប្អូូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ ចូលរួមសហការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពិសេសអ្នកដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានទៀងទាត់ កុំបើកបរក្នុងល្បឿនហួសកម្រិត ពេលបើកបរកុំសេពគ្រឿងស្រវឹង និងគោរពច្បាប់ចរាចរណ៍ជានិច្ច។សូមបញ្ជាក់ថា ក្នុងយុទ្ធនាការ ពង្រឹងច្បាប់ចរាចរណ៍ខាងលើនេះ សមរ្ថកិច្ចជំនាញនឹងអនុវត្តជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយតម្រូវឲ្យអ្នកដំណើរមធ្យោបាយម៉ូតូត្រូវតែមានសម្ភារៈបំពាក់យានយន្តឲ្យបានគ្រប់គ្រាន់ដូចជាកញ្ចក់មើលក្រោយ ពិសេសមួកសុវត្ថិភាព ហើយបើអ្នកដំណើរណាល្មើសនឹងត្រូវពិន័យតាមច្បាប់ចរាចរណ៍ ប៉ុន្តែសមត្ថកិច្ចនឹងផ្តល់មួកសុវត្ថិភាពជូនដោយមិនគិតកម្រៃខណៈអ្នកល្មើសច្បាប់ចរាខរណ៍ណាអាចឆ្លើយសំណួរបានត្រឹមត្រូវ។យោងតាមមាត្រាទី៦៩.មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចផាកពិន័យបទល្មើសចរាចរណ៍ ត្រូវចេញបង្កាន់ដៃផាកពិន័យត្រឹមត្រូវ។ទម្រង់បែបបទនៃបង្កាន់ដៃផាកពិន័យនិងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការផាកពិន័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ