សមត្ថកិច្ចឆ្មក់បង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅស្រុកដងទង់
កំពត ៖ សង្វៀនបញ្ជល់មាន់មួយកន្លែងដែលបើកលេងស្ងាត់ៗ ត្រូវបានសមត្ថកិច្ចជំនាញស្នងការនគរបាលខេត្តកំពត សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកដងទង់ ឆ្មក់បង្ល្រាបបានយ៉ាងប្រផាប់ចាប់ប្រភីង ដោយបានឃាត់ខ្លួនមនុស្ស៤នាក់ ម៉ូតូចំនួន១៥គ្រឿង អាគក៣ក្បាល ស៊ុមដាក់មាន់ចំនួន៥ ព្រមទាំងសម្ភារៈមួយចំនួន។
ការបង្ក្រាបបទល្មើសមួយនេះ បានប្រព្រឹត្តឡើងតាមបទបញ្ជាដ៏មឺុងម៉ាត់របស់ស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង១៣និង៣០នាទី រសៀលថ្ងៃទី២៧ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចសង្វៀនជល់មាន់លួចលាក់មួយកន្លែង ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ជូនដំណឹងដល់សមត្ថកិច្ចថា មានគេលួចបើកទីលានកីឡាបក្សីភ្នាល់ដាក់លុយធំៗស្ងាត់ៗស្ថិតក្នុងភូមិសាស្ត្រឃុំខាងលើ ទើបសមត្ថកិច្ចសហការចេញទៅក្របួចតែម្តង។សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការបង្ក្រាបនេះយើងឃាត់ខ្លួនបានតែមនុស្សចំនួន៤នាក់ទេ ព្រោះខណៈនោះក្រុមអ្នកភ្នាល់ បាននាំគ្នារត់ចែកផ្លូវគ្នាអស់ ទើបកម្លាំងប្រមូលយកវត្ថុតាង ដែលមានម៉ូតូចំនួន១៥គ្រឿង មាន់គក៣ក្បាល ស៊ុំក្របមាន់ចំនួន៥និងមនុស្ស៤នាក់មកសាកសួរតែម្តង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៤នាក់ រួមមាន៖ ទី១.ឈ្មោះ ជួន សុខវិន ភេទប្រុសអាយុ ២៥ឆ្នាំ។ទី២.ឈ្មោះ ភន មល ភេទប្រុស អាយុ២៦ឆ្នាំ ទី៣.ឈ្មោះ ប្រាជ្ញ ផន ភេទប្រុស អាយុ៣២ឆ្នាំ។ទាំងបីនាក់នេះ មានទីលំនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ទី៤.ឈ្មោះ ស៊ុន ក្រឹម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
បច្ចុប្បន្នអ្នកលេងល្បែងបញ្ជល់មាន់ទាំង៤នាក់រួមជាមួយវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។/