ដើម្បីញ៉ាំងឲ្យពិធីបុណ្យសមុទ្រឲ្យកាន់តែមានភាពអធិកអធម អាជ្ញាធរខេត្តកែប ចាប់ផ្តើមកែលម្អសោភណភាពយ៉ាងមមាញឹក
កែប ៖ ពិធីបុណ្យសមុទ្រលើកទី៦ជុំទី២នៅខេត្តកែប បានរំកិលជិតចូលមកដល់នាពេលយ៉ាងខ្លីខាងមុខនេះហើយ។ដូច្នេះដើម្បីញាំុងពិធីនេះឲ្យកាន់តែមានភាពអធិកអធម អាជ្ញាធរខេត្តកែប បានជម្រុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធនានាទូទាំងខេត្ត ធ្វើការកែលម្ហសោភណភាពក្នុងតំបន់ឆ្នេរកែបទាំងមូល ដូចជាការតាក់តែងសួនច្បារ ការដាំដើមឈើនៅលើគំនូសសួនកណ្តាលទ្រូងផ្លូវ ការកែលម្អតាក់តែងរបងសាលាខេត្តជាថ្មី កែលម្អនៅតាមសួនច្បារសាធារណៈឬបរិវេណមន្ទីរអង្គភាពនានា ការរៀបខឿនពង្រីកឆ្នេរ ការសាសង់បន្ទប់ទឹក(បង្គន់អនាម័យបន្ថែម)ជាដើម។ល។
ដោយសារខេត្តកែបជាទីតាំងមួយមានអំណោយផលពីធម្មជាតិលើផ្នែកទេសចរណ៍ផង និងបន្ថែមពីការតាក់តែងកែលម្អជាគ្រឿងបន្ទាប់បន្សំផងនោះ នឹងបានជម្រុញខេត្តកែប កាន់តែមានសម្រស់យ៉ាងត្រកាល និងមានសន្ទុះរីកចម្រើនស្ទើគ្រប់វិស័យ ពិសេសសក្តានុពលលើវិស័យទេសចរណ៍។ចំពោះកត្តាជាច្រើនទៀតដែលបានប្រែក្លាយខេត្តកែប ទៅជាខេត្តបៃតងពោរពេញទៅដោយសម្រស់គ្មានពីរគឺផ្តើមចេញពីកត្តាជាច្រើនដែលខេត្តដ៏ទៃមិនមានដូចនោះឡើយ។ជាមួយនេះខេត្តកែបបន្ទាប់ពីជាប់ជាឈ្មោះតារារះក្នុងទិសនិរតី ផ្ការំដួលបីទង ពានរង្វាន់ទីក្រុងស្អាត លើកផ្នែកនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករចំនួនបី គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ពិតជាស័កសមជារហសនាមរបស់ខេត្តទេសចរណ៍ដ៏តូចច្រឡឹងមួយនេះតែម្តង។
ចំពោះការកែលម្អសោភណភាពនៅតាមដងផ្លូវសំខាន់ៗជាច្រើន ពិសេសផ្លូវលេខ33A ខាងត្បូងរង្វង់មូលសេះស រហូតផ្សារក្តាមនិងឆ្នេរលេងទឹក នឹងត្រូវចាប់ផ្តើមយ៉ាងផុលផុស ព្រោះពិធីបុណ្យសមុទ្រកាន់តែខិតជិតមកដល់ហើយ បើគិតទៅនៅសល់មិនដល់២ខែនោះទេ។
ជំនួសឲ្យរដ្ឋបាលខេត្តទាំងមូល លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោកក៏បានខិតខំពង្រឹងគ្រប់ការងារ សម្រាប់ឆ្លើយតបតម្រូវការឲ្យបានទាន់ពេលវេលា ដូចជាការកែលម្អបរិស្ថាន តាមជ្រលងឆ្នេរ មាត់ឆ្នេរគ្រប់ទីកន្លែង ការដាំរុក្ខជាតិបៃតង ប្រភេទដើមផ្កា ដើមស្ងាវ ការសាងសង់បង្គន់អាម័យបន្ថែមទៀត ព្រោះគោលការណ៍ កសាងបន្ទប់ទឹកស្ថិតនៅទីសាធារណៈកាន់តែច្រើន កាន់តែប្រសើរ ព្រោះគេបានព្យាករណ៍ថា ភ្លៀវដែលមកលេង កម្សាន្ត លម្ហែ ក្នុងពិធីបុណ្យសមុទ្រនោះ មិនក្រោម១លាននាក់ទេ ហើយការសាងសង់បន្ទប់ទឹក(បង្គន់អនាម័យ)ត្រូវបានធ្វើឡើងស្ថិតគោលដៅទីប្រជុំជនសំខាន់ៗ ដូចជានៅផ្សារក្តាម២កន្លែង និងនៅចំណុចជ្រោយដូង២កន្លែង ដោយមួយកន្លែងៗមានច្រើនបន្ទប់ បែងចែកដាច់ដោយឡែករវាងបុរស និងស្ត្រីផងដែរ។ម្យ៉ាងទៀតតំបន់ទេសចរណ៍ ដែលមានភាពលេចធ្លោ មិនសំដៅតែលើសម្រស់ស្រស់ត្រកាល មានការទាក់ទាញនោះទេ កត្តាសំខាន់ដែលយើងពុំអាចខ្វះចន្លោះបាននោះគឺជាកត្តាសុវត្ថិភាព។
បើផ្អែកតាមមតិមហាជន បានលើកឡើងថា ក្នុងពិធីបុណ្យសមុទ្រជុំទី២នៅខេត្តកែប ដែលត្រូវប្រារព្វឡើងចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៧នេះ អាចប្រឈមនឹងកង្វះកន្លែងស្នាក់អាស្រ័យ ដោយសារតែចំនួនសណ្ឋាគារ ផ្ទះសំណាក់ ឬរីសត បឹងហ្កាឡូរ៍ មានកំណត់។ដូច្នេះចាប់ពីខែក្រោយនេះទៅ បើពុំមានភ្ញៀវឬអតិជនណាឆ្លៀតពេលមកកក់បន្ទប់នោះទេ ប្រហែលជួបផលលំបាកខ្លះហើយ ប៉ុន្តែរឿងបែបនេះប្រហែលមិនពិបាកទេ ថ្វីបើបន្ទប់សណ្ឋាគារនៅខេត្តកែបមិនគ្រប់គ្រាន់ ក៏មានសណ្ឋាគារ ផ្ទះសំណាក់ រីសត បឹងហ្កាឡូរ៍ នៅខេត្តកំពតក៏មានមិនខ្វះដែរ។/
ណារិទ្ធ