កិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកទី៦ជុំទី២នៅខេត្តកែប
កែប ៖ ដើម្បីត្រៀមលក្ខណៈសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកទី៦ជុំទី២នៅខេត្តកែប ឲ្យមានភាពប្រសើរឡើង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះរដ្ឋបាលខេត្តកែប ក៏បានធ្វើកិច្ចប្រជុំដើម្បីលើកទិសដៅសំខាន់នានា សម្រាប់ញាំុងពិធីបុណ្យសមុទ្រនៅខេត្តកែប ឲ្យកាន់តែមានភាពអធិកអធម។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានសមាសភាពចូលរួម ពីសំណាក់ គណៈអភិបាលខេត្តដែលជាប់តំបន់ឆ្នេរ រួមមាន៖ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ព្រមទាំងគណៈកម្មការរៀបចំបុណ្យសមុទ្រផងដែរ។
ក្នុងកិច្ចប្រជុំខាងលើនេះ ក៏បានលើកឡើងនូវប្រធានបទសំខាន់ទាក់ទិននឹងនច្ចុប្បន្ននិងអនាគត តាមរបៀបវារៈ និរន្តរភាពទេសចរណ៍ និងអភិវឌ្ឍន៍ ដែលជាជំហានមួយជួយពន្លឿនវិស័យទេសចរណ៍ក្នុងតំបន់នៃខេត្តមាត់ឆ្នេរសមុទ្រ ឲ្យកាន់តែរីកដុះដាលនិងស្រស់បំព្រង។
ឆ្លើយតបនឹងភាពចាំបាច់ សម្រាប់ដំណើរការរៀបចំបុណ្យសមុទ្រលើកទី៦ដែលជាជុំទី២នៅខេត្តកែប លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ជាទូទៅការរៀបចំបុណ្យសមុទ្រ ត្រូវអនុវត្តឡើងតាមកាលកំណត់ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៧ ដោយពិធីនោះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម តាំងផលិតផលក្នុងស្រុក ការបង្កើតផ្ទាំងទស្សនីយភាពផ្សេងៗ ក៏ដូចជាការប្រគុំតន្ត្រី(ខនសឺត)មានព្យូហត្ថយាត្រា ការប្រកួតកីឡាលើគោក កីឡាលើអាកាសនិងការប្រកួតកីឡាលើទឹក ជាដើម។ល។ហើយពិធីបុណ្យសមុទ្រនឹងត្រូវប្រារព្វជារៀងរាល់ឆ្នាំ ដោយវិលជុំទៅកាន់ខេត្តពាក់ព័ន្ធ ព្រោះការធ្វើពិធីគឺប្រព្រឹត្តទៅតាមកាលកំណត់ ចឹងបើចប់នៅចុងខែធ្នូ ឆ្នាំ២០១៧នឹងបន្តនៅឆ្នាំក្រោយនៅខេត្តកោះកុង កំពត និងព្រះសីហនុ។
លោកបណ្ឌិតបានលើកឡើងយ៉ាងដូច្នោះថា ការរៀបចំពិធីបុណ្យសមុទ្រជុំទី២នៅខេត្តកែបខាងមុខនេះ ពិតជាមានភាពគគ្រឹកគគ្រេង ហើយសង្ឃឹមថា នឹងមានមនុស្សចូលរួមរាប់លាននាក់ ព្រោះពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដូច្នេះលោកសូមឲ្យរដ្ឋបាលខេត្តកែប ដែលជាម្ចាស់ផ្ទះ ក្នុងពិធីបុណ្យដ៏វិសេសវិសាលនេះ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាពឲ្យបានរឹងមាំបំផុត ដើម្បីញាំុងពិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។/