ចង់ខ្លាំងអីទៀត! តាមបាញ់ឡានទំនើប១គ្រឿងទាល់តែឈប់...
ខេត្តស្ទឹងត្រែង ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានត្រូវកម្លាំងសមត្ថកិច្ចតាមបាញ់បំបែកកង់ ខណៈព្យាយាមបើកទម្លាយបារ៉ាសត្រួតពិនិត្យអាវុធជាតិផ្ទុះជាច្រើន ដំណាក់។
ប្រភពព័ត៌មានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកប្រើប្រាស់រថយន្តស៊េរីទំនើប បើកបុកទម្លាយបារ៉ាសត្រួតពិនិត្យអាវុធជាតិផ្ទុះយ៉ាងកំរោល ធ្វើឲ្យកងកម្លាំងប្រដាប់អាវុធតាមប្រមាញ់រហូតមានការផ្ទុះអាវុធ ។ ប្រភពព័ត៌មានបន្តថា រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២V-៨២៣៨ មកពីខេត្តព្រះវិហារ ។
ពេលមកដល់ស្រុកថាឡាបរិវ៉ាត់ មិនបានបន្ថយល្បឿនទេនិងបានបុកទម្លាយបារ៉ាសត្រួតពិនិត្យអាវុធជាតិ ផ្ទុះឡើងស្ពានមេគង្គឆ្ពោះទៅទិសខាងត្បូង និងបុកទម្លាយបារ៉ាសត្រួតពិនិត្យអាវុធជាតិផ្ទុះនៅគីឡូម៉ែត្រលេខ៦ ចម្ការម៉ៃសាក់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ បន្ទាប់មក បន្តឆ្ពោះទៅខេត្តរតនគិរី និងបានបុកទម្លាយបារ៉ាសត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខស្នាក់ ការសន្តិសុខកងរាជអាវុធហត្ថសេសាន នៅភូមិច្រប ឃុំក្បាលរមាស មួយកន្លែងទៀត ។
ដោយឃើញសកម្មភាពបែបនេះ កម្លាំងនគរបាលប្រចាំមូលដ្ឋានបានតាមឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ រថយន្តនោះ តែពួកគេមិនឈប់ទើបបាញ់បំបែកកង់មុខ ។ ប្រភពដដែលបន្តថា ពេលសមត្តកិច្ចបាញ់បែកកង់ហើយនោះ ពួកគេនៅតែបើករត់គេចទាំងកង់បែកទៀតរហូតបាន៧ទៅ៨គីឡូម៉ែត្រពី ផ្លូវបំបែកភូមិច្រប់ទើបឈប់ប្តូរកង់ ហើយសមត្ថកិច្ចក៏ទៅដល់ តែក្រុមជនទាំងនោះបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលតាមទាន់ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យរថយន្តនោះឃើញមានផ្ទុកឈើគ្រញូង ពេញកើលដល់ដំបូល ។ បន្ទាប់មក ក៏បានហៅរថយន្តសន្ទូចមកស្ទូចរថយន្តខាងលើយកទៅរក្សាទុកនៅ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ។
គួរបញ្ជាក់ថា កម្លាំងចម្រុះនៅតាមគោលដៅចំនួន៣កន្លែងដែលមានចំនួនរាប់សិបនាក់ ត្រូវបានឈ្មួញរត់ពន្ធឈើគ្រញូងបើកបុកបារ៉ាសពីមួយកន្លែងទៅមួយ កន្លែងដែលមានចម្ងាយពីគ្នាមិនតិចជាង១០គីឡូម៉ែត្រនោះទេ ។ រថយន្តនិងវត្ថុតាង ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត លុះរសៀលថ្ងៃទី១១ ខែកញ្ញា ទើបនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រគល់ឲ្យខាងរដ្ឋបាល ព្រៃឈើ ។
យោងតាមឯកសាររបស់មន្ត្រីរដ្ឋបាលព្រៃឈើឲ្យដឹងថា ឈើដែលដកហូតនោះមានចំនួន២៤ដុំ ក្នុងនោះគ្រញូងចំនួន២១ដុំ និងនាងនួនចំនួន៣ដុំ ហើយបច្ចុប្បន្នឈើទាំងនោះត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ស្ទឹងត្រែង ។ ការបង្ក្រាបបទល្មើស
នៅខេត្តស្ទឹងត្រែងគេសង្កេតឃើញ មាករណីគ្រឿងញៀន ឬបទល្មើសព្រៃឈើ ហើយរាល់មធ្យោបាយបម្រើឲ្យបទល្មើសទាំងនោះ(រថយន្ត) តែងត្រូវបានស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចែកគ្នាយកទៅប្រើប្រាស់ ៕