យុវជនម្នាក់បានរអិលជើងធ្លាក់ ពីលើគ្រឹះសសរស្ពានរថភ្លើង បណ្តាលអោយលង់ទឹកស្លាប់
ខេត្តបាត់ដំបង ៖ មន្ត្រីកងរាជអាវុធហត្ថបានរាយការណ៍ថា យុវជនម្នាក់បានរអិលជើងធ្លាក់ពីលើគ្រឹះសសរស្ពានរថភ្លើងចូលក្នុងទឹកស្ទឹងសង្កែ បណ្ដាលឲ្យលង់ស្លាប់ កាលពីរសៀលថ្ងៃទី១១ កញ្ញា នៅចំណុចស្ពានដែក (ផ្លូវរថភ្លើង) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយត្រូវសាច់ញាតិរាវរកឃើញសព ក្រោយបាត់ខ្លួនមួយយប់នៅក្នុងទឹកស្ទឹង ។
របាយការណ៍មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ហង់ សាអៀង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរតាគាំ២ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះគឺស្ថិតក្នុងចំណោមមិត្តភក្ដិប៉ុន្មាននាក់ទៀត បាននាំគ្នាទៅលេងលើស្ពានរថភ្លើងខាងលើនេះ តែមិនដឹងយ៉ាងម៉េច ស្រាប់តែរអិលជើងធ្លាក់ពីលើគ្រឹះសសរស្ពានកណ្ដាលស្ទឹងសង្កែ ខណៈមេឃកំពុងរលឹមចូលទឹកស្ទឹងចំកន្លែងទឹកជ្រៅ បណ្ដាលឱ្យលង់ស្លាប់តែម្ដង ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយកើតហេតុភ្លាម សាច់ញាតិ និងមិត្តភក្ដិបានព្យាយាមចុះរាវរកតែរកមិនឃើញទេ លុះនៅព្រឹកថ្ងៃទី១២ កញ្ញា នាំគ្នាចុះរាវរកម្ដងទៀត ទើបប្រទះឃើញសពជនរងគ្រោះនោះ ។
តាមការបំភ្លឺពីសាក្សីបានប្រាប់ថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជាមួយមិត្តភក្ដិប៉ុន្មាននាក់ទៀត បាននាំគ្នាទៅស្ទូច ត្រីនៅម្ដុំស្ពានដែកផ្លូវរថភ្លើងនោះ ។ ពួកគេបាននាំគ្នាទៅអង្គុយលើគ្រឹះសសរស្ពានចំកណ្ដាលស្ទឹង តែបន្តិចក្រោយមក ខណៈពេលមេឃកំពុងរលឹមផង ស្រាប់តែគេឃើញយុវជនម្នាក់រអិលជើងធ្លាក់ពីគ្រឹះសសរស្ពាន ចូលទៅក្នុងទឹកស្ទឹងចំកន្លែងជ្រៅ ដែលទឹកកំពុងហូរ បណ្ដាលឲ្យបាត់ខ្លួនភ្លាមៗតែម្ដង។
សាក្សីបានបញ្ជាក់ថា គ្រានោះ គេឃើញមិត្តភក្ដិបានចុះមុជរាវរកជនរងគ្រោះនៅក្នុងទឹកដែរ តែមិនប្រទះឡើយ បើទោះជាក្រុមគ្រួសារជាច្រើននាក់មកជួយរាវរកក្ដី លុះនៅព្រឹកថ្ងៃទី១២ កញ្ញា ទើបក្រុមគ្រួសារចុះរាវរកឃើញសពនៅក្បែរកន្លែងកើតហេតុនោះ។
សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសួរនាំ និងពិនិត្យសាកសពភ្លាមៗដែរ បន្ទាប់ពីក្រុមគ្រួសារស្វែងរកឃើញ ។ មន្ត្រីជំនាញបានបញ្ជាក់ថា បើតាមការពិនិត្យ និងការបំភ្លឺនានាពីសាក្សី ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន ៕