ឃាត់ខ្លួន ជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ បើករ៉ឺម៉កដឹកឥវ៉ាន់លក់តាមភូមិ
កំពង់ស្ពឺ ៖ បុរសជនជាតិវៀតណាមម្នាក់ បានបើករ៉ឺម៉ក ម៉ូតូពាក់ស្លាកលេខប្រទេស ដើរលក់ដូរឥវ៉ាន់តាមភូមិនានា ក្នុងខេត្តកំពង់ស្ពឺ ត្រូវបាន កំលាំងសមត្ថកិច្ចការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនសាកសួររកឃើញថា ជនបរទេសរូបនោះ បានស្នាក់នៅលើទិដ្ឋាការ និងរកស៊ីលក់ដូចចានឆ្នាំង និងសម្ភារៈផ្ទះបាយដោយគ្មានអនុញ្ញាត ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ។
លោក ឈួន យឿន នាយការិយាល័យ អន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមដែលមកលួចរកស៊ីដោយគ្មានច្បាប់ ក្នុងប្រទេសកម្ពុជា ហើយត្រូវបានកំលាំងជំនាញឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈបើករ៉ឺម៉ក លក់ឥវ៉ាន់តាមភូមិនានា មានឈ្មោះ TO GNOC PHI ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅខេត្តតៃនិញ ប្រទេសវៀតណាម កាន់លិខិតឆ្លងដែន លេខ C1670833 មិនមានទិដ្ឋការE ដោយប្រើប្រាស់ត្រាចូលមកកម្ពុជារយៈពេលមួយខែ ប្រើប្រាស់មធ្យោបាយរ៉ឺម៉កម៉ូតូមួយគ្រឿង ម៉ាកហុងដា C100 ពណ៌ព្រីងទំ ស៊េរីចាស់ ពាក់ ស្លាកលេខ 70-P1.78 83 ដឹកសម្ភារៈផ្ទះបាយ និងរបស់របរផ្សេងៗទៀត ។
លោកបន្តថា ជនជាតិវៀតណាមខាងដែលឆ្លងដែនមកលួចប្រកបរបររកស៊ីដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជានោះ ត្រូវបានបំពេញបែបបទបញ្ជូនអគ្គនាយកដ្ឋាន អត្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែរៀបចំឯកសារជនជាតិវៀតណាមដែលមករកស៊ីខុសច្បាប់ខាងលើទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ ៕