ពលរដ្ឋ ត្អូញត្អែរថា ផ្លូវ១ខ្សែរងការខូចខាតខ្លាំង ពិបាកធ្វើដំណើរ ទទូចស្នើសុំឲ្យអាជ្ញាធរជួយជួសជុល
បាត់ដំបង ៖ ប្រជាពលរដ្ឋក្នុងឃុំព្រៃត្រឡាចស្រុករុក្ខគីរី ខេត្តបាត់ដំបង និងអាណាព្យាបាលសិស្សបានទទូចសុំអោយអាជ្ញាធរពាក់ព័ន្ធ ជួយជួសជុលផ្លូវមួយខ្សែប្រវែង១០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងងាយស្រួលទៅសាលារៀនរបស់កូន ចៅ។
ប្រជាពលរដ្ឋ បាននិយាយថា ផ្លូវមួយខ្សែនេះ មានប្រវែង១០គីឡូម៉ែត្រភ្ជាប់ពីផ្លូវធំក្នុងភូមិព្រៃខ្លួតមកដល់ភូមិរូង១ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះទៅមក រួមទាំងអ្នកក្រៅភូមិជាច្រើនផ្សេងទៀតតែងតែធ្វើដំណើរ ពេលនេះ មានសភាពពិបាកធ្វើដំណើរធ្ងន់ធ្ងរ ដោយជង្ហុកធំៗ ជាច្រើនហើយរអិលខ្លាំងនៅពេលភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវវស្សាការពិបាកនេះ មានរយះពេល៣ទៅ៤ឆ្នាំមកហើយដែលពេលមុន ធ្លាប់ជិះម៉ូតូតែ៣០នាទី តែពេលនេះ ត្រូវប្រើប្រាស់ពេលវេលាជាង១ម៉ោងបើធ្លាក់ភ្លៀង ត្រូវរអិលនិងជួបគ្រោះថ្នាក់ ជាបន្ដបន្ទាប់ ធ្លាក់ក្រឡុកជ្រៅរាំងស្ទះ មិនអាចធ្វើដំណើររួចសូម្បីតែធ្វើដំណើរតាមគោយន្ត ក៏ពិបាកដែរ។
ក្រុមប្រជាពលរដ្ឋ បានត្អូញត្អែរទៀតថា ទាក់ទងទៅនិងផ្លូវ ពួកគាត់មានការព្រួយបារម្ភ និងមានការនឿយហត់ ជាខ្លាំងក្នុងពេលចាំបាច់ត្រូវធ្វើដំណើរម្ដងៗ ដូចជា ពេលឈឺ ដង្កាត់ផ្សេងៗ ស្ដ្រីទៅសំរាលកូន ការដឹកកសិផលផងដែរ ទៅកាន់ទីផ្សារ ក្រៅពីនេះ ការលំបាកក្នុងការធ្វើដំណើររបស់កូនៗ ជាសិស្សសាលាជិះកង់ ឬម៉ូតូ មិនរួចបង្ខំចិត្តត្រូវដើរដោះស្បែកជើងក្នុងចម្ងាយផ្លូវឆ្ងាយជាហេតុ ទៅដល់សាលាមិនទាន់ម៉ោង ឬត្រូវដួលនិងសាចទឹកតាមផ្លូវប្រឡាក់ ខោអាវស ជារឿយៗ។
លោក ម៉ន ឈឿង អនុភូមិរូង១ បានបញ្ជាក់ថា ផ្លូវ១ខ្សែខាងលើនេះ ជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ កសិករក្នុងមូលដ្ឋាននេះ និងប្រជាពលរដ្ឋនៅក្រៅភូមិជាច្រើនផ្សេងទៀត ដែលឆ្លងកាត់ទៅមក ទាំងព្រលប់យប់ថ្ងៃព្រោះផ្លូវនេះ តភ្ជាប់ពីផ្លូវធំក្នុងតំបន់ទីប្រជុំជន ស្រុកទៅកាន់ភូមិស្រែ និងចំការ របស់ប្រជាពលរដ្ឋជាច្រើន។
លោកមេឃុំព្រៃត្រឡាច បានបន្ដទៀតថា មូលនិធិឃុំក្នុងឆ្នាំ២០១៦នេះ បានសម្រេចដាក់គម្រោងទៅកាន់ភូមិបឹងចក រួចផុតហើយ ដោយសារនៅតំបន់នោះស្ថានភាពផ្លូវមានសភាពលំបាកខ្លាំងជាងពីព្រៃខ្លូតដល់ចុងរូង ប៉ុន្ដែអាចនិងដាក់គម្រោងនៅឆ្នាំក្រោយ អាស្រ័យលើការជួបពិភាគ្សាគ្នាជាមួយក្រុមការងារ ក្រុមប្រឹក្សាឃុំ។
ចំណែកលោក អ៊ុក គង់ អភិបាលរងស្រុករុក្ខគីរី បានលើកឡើងថា ផ្លូវ១ខ្សែក្នុង កំណាត់ពីផ្លូវបំបែកភូមិព្រៃខ្លូត ដល់ភូមិរូង១ មានគម្រោងជួសជុលហើយដោយក្រុមការងារចុះជួយស្រុកប៉ុន្ដែបានត្រឹមតែចម្ងាយផ្លូវ៥គីឡូម៉ែត្រ ប៉ុណ្ណោះ ពីដើមផ្លូវបំបែកដល់ចំនុចវត្តព្រៃត្រឡាច នៅសល់ប្រវែង៥៦០០គីឡូម៉ែត្រ ទៀត លោកសូមអំពាវនាវជាថ្មីទៀត ដល់អង្គការជាតិ និងអន្ដរជាតិ អាជ្ញាធរខេត្តពិសេសរាជរដ្ឋាភិបាល មេត្តាជួយជួសជុលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋព្រោះផ្លូវ១ខ្សែនេះ មានសារៈសំខាន់ ជាតំបន់រដ្ឋបាល មានប្រជាពលរដ្ឋរស់នៅច្រើនដែលជាអ្នកប្រកបមុខរបរធ្វើស្រែចំការ៕