អ្នកជំនាញបុរាណវិទ្យាខេត្តកំពង់ធំ បំភ្លឺពីតោបុរាណឈរនៅគល់ស្ពានស្ទឹងសែន ជៀសវាងការបំភ្លៃព័ត៌មាន
កំពង់ធំ ៖ បន្ទាប់ពីធីក្រុងពាលី ដ៏មានរឹទ្ធានុភាព មួយបានកើតឡើង កាលពីដើមខែសីហា ឆ្នាំ២០១៦ ដើម្បី នាំរូបសំណាកតោថ្មី មកតាំងនៅគល់ស្ពានស្ទឹងសែន ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជំនួសរូប សំណាក់តោចាស់នោះ បានធ្វើឲ្យមានការបំភ្លៃព័ត៌មានជាច្រើន តាមបណ្ដាញសង្គមហ្វេសបុក និង ពាក្យចចាមអារ៉ាម ពីប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ។
ទាក់ទងនឹងព័ត៌មានខាងលើនេះ អ្នកសារព័ត៌មាន បានស្វែងរកព័ត៌មានជូនដល់សាធារណ ជន ដើម្បីទទួលបានព័ត៌មានពិតប្រាកដ និងតម្លាភាព ។ យោងតាមឯកសារ របស់លោក បេ តៃសែ ប្រធាន សារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានបង្ហាញឲ្យឃើញថា ដោយសារមានអ្នកមិនដឹងថា បាត់តោថ្ម បុរាណ ឈរនៅគល់ ស្ពានស្ទឹងសែន ទៅណា ទើបខ្ញុំ(បេតៃសែ )បញ្ចេញព័ត៌មាននេះម្ដងទៀត។
រូបសំណាកតោចាស់ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើមកអភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ ដើម្បីយកទៅជួសជុល នៅសារមន្ទីរជាតិ និងមានគំរោងយកទៅតាំងនៅ (សារមន្ទីរ ធម្មជាតិ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ) នៅខេត្តព្រះវិហារ ហើយមូលហេតុ ដែលក្រសួង សម្រេចយកទៅដាក់តាំង នៅសារមន្ទីរ ខេត្តព្រះវិហារនេះ គឺ៖ ១. ទីតាំងសុវត្ថិភាព មិនដាក់ចោលហាលថ្ងៃ ហាលភ្លៀង គ្មានការថែរក្សា។ ២.តោនេះ ជាតោបុរាណ ដែលមានប្រភពដើម ចេញពីប្រសាទ កោះកេរ្ដិ៍ ដែលស្ថិតនៅក្នុងខេត្ត ព្រះវិហារ សព្វថ្ងៃនេះ។
ក្នុងនោះ សារមន្ទីរជាតិ ក៏បានផ្ញើ រូបភាព កំពុងជួសជុល ជាច្រើនរូប មកមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ធំ ដើម្បីជ្រាបជារបាយការណ៍ ហើយការធ្វើដូច្នេះ គឺដើម្បីថែរក្សា តោបុរាណ ឲ្យគង់នៅយូរអង្វែង ត្បិតពីមុន គេដាក់តាំងនៅហាលថ្ងៃ ហាលវាល ហាលភ្លៀងចោល ហើយថែម ទាំង លាបថ្នាំពណ៌ និងទឹកស៊ីម៉ងត៍ ដែលរងការប៉ះពាល់ជាខ្លាំងដល់ថ្ម បណ្ដាលឲ្យឆាប់ខូច។ហេតុ ដូច្នេះ ផ្នែកអភិរក្សថ្ម បានប្រើ ពេលជាច្រើនខែ ដើម្បីដកពណ៌ និងកំណកស៊ីម៉ងត៍ នោះចេញ ដែល តម្រូវឲ្យការព្យាយាម និងអត់ធ្មត់ដើម្បីធ្វើការងារនេះ ទៅតាមបទដ្ឋានបច្ចេកទេស។
សព្វថ្ងៃរូបចម្លាក់តោនេះ រក្សាទុកនៅរោងជាងអភិរក្សថ្ម នៅសារមន្ទីរជាតិនៅឡើយទេ ពុំ ទាន់សម្រេចចិត្ត តាំងនៅសារមន្ទីរជាតិ ឬនៅសារមន្ទីរធម្មជាតិ សកល សម្ដេចហ៊ុន សែន នៅខេត្ត ព្រះវិហារ នោះទេ បើត្រូវតាំងនៅសារមន្ទីរជាតិ ក៏ត្រូវពិនិត្យទីតាំងដែរ គឺតាំងឲ្យត្រូវតាមបច្ចេកទេស នៃសារមន្ទីរ(Museographie)៕