ក្រឡាប់រថយន្តដឹកកម្មករ បណ្ដាលឲ្យមនុស្ស ស្លាប់និងរបួសធ្ងន់-ស្រាលជាង២០នាក់
កំពង់ឆ្នាំង ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្ដដឹកកម្មការិនីរោងចក្រអឹមវេ បណ្ដាលឲ្យកម្មករជាង២០នាក់ ស្លាប់ និងរងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង៦និង៤៥នាទី ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ តាមផ្លូវជាតិលេខ៥ ចំណុចផ្លូវកោង ដើមពោធិជិតស្ពានជ្រៃបាក់ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ សមត្ថកិច្ចស្រុករលាប្អៀរ បានអោយដឹងថា រថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ញ៣៩១២ ភព២ បើកបរដោយ ឈ្មោះ សឿន នៅភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ មុនពេលកើតហេតុរថយន្តនេះ បានដឹកកម្មការិនីប្រមាណជាង៤០នាក់ ពីភូមិមកកាន់រោងចក្រអឹមវេ ក្រុងកំពង់ឆ្នាំង។ ពេលមកដល់ចំណុចកើតហេតុជាផ្លូវបត់កោង បានដាច់ម៉ែត្រ ចង្កូត ដែលគេរុំចងកៅស៊ូ បញ្ជា ចង្កូតលែងបាន ក៏បានបើកចូលផ្ទះអ្នកស្រុក បុកម៉ូតូ០១៦ មួយឈប់នៅមុខផ្ទះខ្ទេច ក្រឡាប់ ប៉ះជើងចាក់កម្មការិនីទាំងអស់ចោលពីលើរថយន្ដ តែម្តង បណ្តាលអោយកម្មការិនីជាង១០នាក់នាក់របួសធ្ងន់ និងស្រាល ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុរថយន្តរបស់មន្ទីរពេទ្យខេត្ត បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្រុមគ្រូពេទ្យខេត្ត បានអោយដឹងថា កម្មការិនីដែលបានដឹកចូលព្យាបាល របួសនៅក្នុងមន្ទីរពេទ្យខេត្ត មានចំនួនតែ ៩នាក់ ប៉ុណ្ណោះ ។ ចំណែកម្នាក់ទៀត បានស្លាប់ក្នុងពេលកំពុងសង្គ្រោះបន្ទាន់។ស្ត្រីជាមេការកម្មការិនីក្នុងរោងចក្រអឹមវេ និងមន្ត្រី ប ប ស ខេត្ត ដែលបានចុះពិនិត្យអ្នករបួសនៅក្នុងមន្ទីរពេទ្យខេត្ត បានអោយដឹងថា ស្ត្រីជាកម្មការិនី ដែល បានស្លាប់មានឈ្មោះ ឃន វណ្ណី អាយុ៣៥ឆ្នាំ ។ ចំណែក កម្មការិនីដែលរបួសដេកពេទ្យ មានចំនួន៩នាក់ និងរបួសស្រាលនៅក្រៅពេទ្យអាចជាង១០នាក់ទៀត៕