ទំនិញឆ្លងកាត់តាមកំពង់ផែស្វយ័តខេត្តព្រះសីហនុកើន៨ភាគរយ ក្នុងរយៈពេល៧ខែឆ្នាំ២០១៦
ព្រះសីហនុ ៖ ទំនិញឆ្លងកាត់តាមកំពង់ផែស្វយ័តខេត្តព្រះសីហនុនៅរយៈពេល ៧ខែដើម ឆ្នាំ២០១៦នេះ មានកំណើន ៨% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។
ឯកឩត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុបានប្រាប់នៅថ្ងៃទី ៨ខែសីហានេះថា បើគិតត្រឹម រយៈពេល៧ខែដើមឆ្នាំ២០១៦នេះទំនិញដែលបានឆ្លងកាត់កំពង់ផែស្វយ័តខេត្តព្រះសីហនុមានកំណើន ៨% និងគិតជាចំនួនកុងតឺន័រ កើន៦% ហើយបង្ហាញ ពីការវិវត្តន៍ថ្មីនៃកំណើនទំនិញលើកដាក់ក្នុងកុងតឺន័រកាន់តែមានទំហំធំ។
ឯកឩត្តម បន្តទៀតថា បើផ្តោតលើចំនួនកុងតឺន័រវិញនៅ ៧ខែឆ្នាំនេះមានចំនួន ២៤០ ពាន់ កុងតឺន័រនិងរហូតដល់ចុងឆ្នាំ នឹងកើតដល់ជិត១លានកុងតឺន័រ ហើយផ្តល់ចំណូលអាជីវកម្មបានចំនួនជាង ៣០លានដុល្លារអាមេរិក សម្រាប់តម្លៃនៃការលើកដាក់ទំនិញបើធៀបនិងប្រទេសជិតខាងមានតម្លៃថោកនៅឡើយ។
ឯកឩត្តម បានអះអាងថា បច្ចុប្បន្ននេះ ចំនួននាវាក្នុងតំបន់មានតែ ២០%ទេ ដែលអាចចេញចូលកំពង់ផែខេត្ព ព្រះសីហនុបាន ដោយសារតែជម្រៅទឹកមានជម្រៅរហូតដល់ ៨ម៉ែត្រ និងមានទំនិញចេញចូលក្នុងមួយឆ្នាំមានចំនួន ៣៨០ពាក់កុងតឺន័រ ក្នុងមួយឆ្នាំ។ លើសកពីនេះ ដើម្បីឲ្យតម្លៃដឹកជញ្ជូនក្នុងសមុទ្រចុះថោកបាន លុះត្រាតែកប៉ាល់ធំៗ ដឹកចូលមកមានកុងតឺន័រច្រើន។
អគ្គនាយកកំពង់ផែខេត្តស្វយ័តខេត្តព្រះសីហនុ បញ្ជាក់ថា សព្វថ្ងៃនេះ ដោយសារតែចំនួនកុងតឺន័រ ឆ្លងកាត់កើនឡើងលឿន ទើបខាងកំពង់ផែបានបំពាក់សម្ភារៈចំនួន ២សម្រាប់ថែមទៀត មួយសម្រាប់ នាំចូលពីប្រទេសជប៉ុន និងមួយសម្រាប់នាំចូលពីប្រទេសចិនដែលមានតម្លៃសរុបជាង ២លានដុល្លារអាមេរិក ហើយនឹងដឹកមកដល់ខេត្តព្រះសីហនុនៅចុងឆ្នាំនេះ ។
បច្ចុប្បន្ននេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុគ្រោងពង្រីកផែថ្មី និងចាប់ផ្តើមសាងសង់ចុងឆ្នាំ២០១៧ដោយចំណាយថវិកាចំនួន ១៣០លានដុល្លារអាមេរិក ក្នុងជម្រៅទឹក ១៤ម៉ែត្រកន្លះ និងមានបណ្តោយ ៣៣០ម៉ែត្រ ហើយគម្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ដែលអាចផ្ទុកបរិមាណកុងតឺន័រ បាន១លានកុងតឺន័រ៕
ដកស្រង់ ៖ ពីគេហទំព័របាយ័ន