បង្ក្រាបទូកនេសាទ៣គ្រឿង អូសគ្រែងឈាម ដោយខុសច្បាប់
កោះកុង ៖ កម្លាំងផ្នែករដ្ឋបាលជលផលស្រុកបុទុមសាគរ បានធ្វើការបង្ក្រាប ទូកនេសាទសមុទ្រចំនួន៣គ្រឿង រួមទាំងមនុស្សចំនួន១៤នាក់ ប្រព្រឹត្តបទល្មើសនេសាទ ដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ ។
មន្ដ្រី ជលផលស្រុកបុទុមសាគរ បានឲ្យដឹងថា ទូកនេសាទទាំង៣គ្រឿង ដែលត្រូវចាប់ឃាត់នោះ មកពីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប័ណ្ណអាជីវកម្មនេសាទក្នុងសមុទ្រដែលចេញដោយក្រសួង ប៉ុន្តែការចាប់នេះ គឺទូកនេសាទទាំងនោះបានប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស ព្រោះតាមច្បាប់ គឺ អនុញ្ញាតិឲ្យប្រើប្រាស់ឧបករណ៍នេសាទគ្រែងឈាមតែត្រឹមតែប្រវែង១ម៉ែត្រ ២តឹកប៉ុណ្ណោះ តែក្រុមនេសាទខាងលើ បែរជានាំគ្នាកែច្នៃឧបករណ៍ ខុសបច្ចេកទេស និងនេសាទខុសតំបន់ទៀត។
ក្នុងការបង្ក្រាបនោះ ផងដែរ មន្ដ្រីជលផល ក៏បានហៅប្រជានេសាទចំនួន១៤នាក់ មកណែនាំឲ្យឈប់ប្រើឧបករណ៍ខុសច្បាប់ទាំងនោះ ប៉ុន្តែអ្នកនេសាទទាំងនោះមិនព្រមមកទេ ហើយថែមទាំងនិយាយផ្លែផ្កាដាក់សមត្ថកិច្ចទៀត ។ យ៉ាងណាក្តី ទូកនេសាទទាំង៣គ្រឿង ត្រូវបានយកមករក្សាទុកនៅចំណុចគល់ស្ពានអណ្តូងទឹករងចាំការដោះស្រាយ៕