អាងខ្លួនប្រធានមណ្ឌលសុខភាព យកដីមណ្ឌលសុខភាព បើកគ្លីនិកផ្ទាល់ខ្លួនធ្វើព្រងើយ អាជ្ញាធរស្រុកឆ្លើយថា មិនដឹងធ្វើយ៉ាងម៉េច
កំពង់ធំ ៖ ប្រជាពលរដ្ឋនៅស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បាននាំគ្នារិះគន់ និងចោទប្រកាន់លោកវេជ្ជបណ្ឌិត លឹម ស្រ៊ុន ប្រធានមណ្ឌលសុខភាព ស្រុក ប្រាសាទបល្ល័ង្គ ថា បានយកតួនាទីរបស់ខ្លួន រំលោភយកដីមណ្ឌល មួយចំនួនទៅសាងសង់ ផ្ទះ និងគ្លីនិក បើកសេវាទទួលព្យាបាលជម្ងឺ ជាលក្ខណឯកជនធ្វើព្រងើយ ។ ចំណែកអាជ្ញាធរស្រុក និងមន្ត្រីជំនាញ ឆ្លើយថា មិនដឹងធ្វើយ៉ាងម៉េច ប៉ុន្តែបើប្រជាពលរដ្ឋកំប៉ិកកំប៉ុកវិញ គ្រាន់តែធ្វើលើសលប់បន្តិចបន្តួច គឺអាជ្ញាធរចេញបញ្ជាឲ្យរុះរើភ្លាម ចង់មិនចង់ម្ចាស់ ត្រូវ មានទោសទណ្ឌកម្មទៀតផង។ ទង្វើនេះ ត្រូវបានប្រជាពលរដ្ឋ សុំឲ្យ ឯកឧត្ដមអភិបាលខេត្ត និងសាមីមន្ទីរ ពិនិត្យមើល និងមានវិធានការណ៍ តាមតាមការជាក់ស្ដែង ដើម្បីការពារផលប្រយោជន៍សាធារណៈ។
លោក អៀង ស៊ីណាត ប្រធានការិយាល័យសុរិយោដីស្រុក ប្រាសាទបល្ល័ង្គ បានប្រាប់ឲ្យដឹងថា ចំពោះ ការសាងសង់លំនៅឋាន និងគ្លីនិកឯកជន រំលោភដីមណ្ឌលសុខភាព ដែលមានទីតាំងស្ថិត នៅឃុំសាលាវិស័យ ទីរួមស្រុកប្រាសាទបល្ល័ង្គនេះ គឺមិនមានច្បាប់ អនុញ្ញាតិនោះទេ ហើយកាលពី ចាប់ផ្ដើមសាងសង់លោកបាន សហការជាមួយភូមិ និងឃុំចុះហាមឃាត់ដែរ តែគេមិនស្ដាប់ ហើយ បន្តការសាងសង់រហូតបានសម្រេច១០០%។
លោក ទូច សុខា អភិបាលស្រុកប្រាសាទបល្ល័ង្គ បានបញ្ជាក់ថា ការសាងសង់របស់លោក វេជ្ជបណ្ឌិត លឹម ស្រ៊ុន នេះ គឺលោកមិនបានអនុញ្ញាតិច្បាប់ទេ ហើយការសាងសង់នេះ មិនត្រឹមតែ រំលោភយកដីមណ្ឌលសុខភាពនោះទេ ថែមទាំងរំលោភចូលដីចំណីផ្លូវ ដោយសំណង់រឹងទៀតផង ។ចំពោះការសាងសង់នេះ លោកបានធ្វើរបាយការណ៍ជំទាស់ដែរ ប៉ុន្តែពុំឃើញមានចំណាត់ការអ្វី ទាំងអស់ ទើបធ្វើឲ្យការសាងសង់នេះ បានសម្រេច។
លោក អ៊ឹម ឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ធំ បាន ឆ្លើយថា លោក មិនបានដឹងការសាងសង់នេះឡើយ។ ចំណែកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ គឺលោកស្រី ស៊ីន អ្នកសារព័ត៌មាន យើងព្យាយាមសុំបំភ្លឺមិនបានឡើយនៅពេលនេះ ដោយទូរស័ព្ទរបស់លោកស្រីទំនាក់ទំនង មិនបាន។ចំណែកលោកវេជ្ជបណ្ឌិត លឹម ស្រ៊ុន និងក្រុមគ្រួសារ ដែលទទួលការចោទប្រកាន់ថា បាន រំលោភយកដីមណ្ឌលសុខភាព សាងសង់លំនៅឋាន និងគ្លីនិក ជាកម្មសិទ្ធ ឯកជន របស់គាត់ នោះ មិនបានបំភ្លឺឲ្យដឹងដូចម្ដេចនោះទេ ដោយទាញទ្វារផ្ទះបិទគ្រប់ពេល នៅខណៈដែល អ្នកសារព័ត៌មាន ទៅយកព័ត៌មាន និងប៉ុនប៉ងសុំការ ផ្ដល់បទសម្ភាសន៍នោះ៕