ទឹកហូរបាក់ផ្លូវ និងស្ពានអាជ្ញាធរ និងប្រជាពលរដ្ឋជួយគ្នាទប់ ខ្លាចអស់ទឹកពីស្រែ
បន្ទាយមានជ័យ ៖ ផ្លូវលំមួយកន្លែងត្រូវបានទឹកហូរច្រោះ បណ្តាលឲ្យដាច់ផ្លូវប្រវែងជាង១០ម៉ែត្រនិងបាក់ស្ពានប្រវែង ៥ម៉ែត្រគុណ និង៣ម៉ែត្រ កាលពីយប់ថ្ងៃទី០៨ខែសីហាឆ្នាំ២០១៦ នៅភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នៅព្រឹកថ្ងៃទី០៩ ខែសីហានេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកកងកម្លាំងនគរបាលខេត្ត និងស្រុក និងគ្រឿងចក្រ សហការជាមួយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ចុះធ្វើការបិទទប់ទឹកមិនអោយអស់ពីស្រែ តែមិនអាចទប់បានឡើយ។
តាមការអោយដឹងពី ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរ បានលើកឡើងថា បើសិនជាទឹកនៅតែហូរចូលទៅស្ទឹងមិនអាចទប់ស្កាតបាន វានឹងស្រកទឹកផុត ពីស្រែរបស់ពួកគាត់ ។ទឹកនេះ បានហូរបាក់ដី នៅពេលយប់ លុះព្រឹកឡើង ធ្វើដំណើរ ទៅស្រែក៏ឃើញទឹកហូរបាក់ដី ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកំលាំងនគរបាលខេត្តស្រុកចុះជួយអន្តរាគមន៍ទប់ទឹក តែមិនអាចទប់ទឹកបាននោះឡើយ ។
នៅថ្ងៃដដែលនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យរួមដំណើរដោយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំដល់អាជ្ញាធរ ឲ្យរកបង្គោលសសរ ស៊ីម៉ងត៍មកបោះធ្វើពីជួរនិងច្រកដីដាក់ក្នុងការរុងទម្លាក់ចូលទៅ ក្នុងទឹក នោះទើបអាចទប់ទល់នឹងកម្លាំងទឹកហូរបុកបាន។
ជាមួយ និងការដាច់ផ្លូវបាក់ស្ពាននេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យ គឺមិនឃើញមានមន្ត្រីខាងមន្ទីរជំនាញ ដូចជា មន្ទីរធនធានទឹកមិនចុះទៅពិនិត្យមើលឡើយ បើទោះបីជាលោកមេឃុំ បានស្នើសុំឲ្យលោកអភិបាលស្រុកមង្គលបូរី ឲ្យប្រាប់ដល់មន្ទីរជំនាញជួយចុះទៅពិនិត្យនោះក្តី។ តាមរយះការចុះពិនិត្យនេះឯកឧត្តម ក៏បានចែកទឹកសុទ្ធ មីនិងទឹកក្រូចដល់កងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលកំពុងតែធ្វើសកម្មភាពបិទទឹក នេះផងដែរ ៕