តុលាការកោះហៅលោក ប៉ា ងួនទៀង ចូលបំភ្លឺថ្ងៃ១៨សីហា លើសំណុំរឿងសូកប៉ាន់សាក្សី
ភ្នំពេញ ៖ សំណុំរឿងសូកប៉ាន់សាក្សី ពេលនេះបានរាលដាលដល់លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនាពេលខាងមុខនេះ ។ លោក ប៉ា ងួនទៀង ប្រកាសជំហរថា លោកនឹងចូលខ្លួនតាមដីការបស់តុលាការ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានកោះហៅលោក ប៉ា ងួនទៀង ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៨ ខែសីហា ខាងមុខនេះ ។
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។
លោក បន្ថែមថា ដីកាកោះនេះ ជានីតិវិធីរបស់តុលាការ ករណីតុលាការ យល់ថាសាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនេះ។
ជាមួយគ្នានេះ លោក ប៉ា ងួនទៀង បញ្ជាក់ថា លោកនឹងចូលខ្លួនបំភ្លឺតាមដីកាកោះរបស់តុលាការ ដោយពុំមានការភ័យខ្លាចឡើយ ។
មន្ត្រីអាដហុក៤រូប និងមន្ត្រី គជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ។
ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគម អាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់ សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផង ដែរ ។បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។
កន្លងមក តុលាការរកឃើញថា ក្រុមជនត្រូវចោទទាំង៥រូប មានតម្រុយពិរុទ្ធភាព ពាក់ព័ន្ធការលួងលោម ឬ បញ្ចុះបញ្ចូល ដោយផ្តល់ថវិកាជូនអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕
ដកស្រង់ ៖ ពីគេហទំព័របាយ័ន