ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសមាគម ទឹកចិត្តមនុស្សធម៌ នៃសាធារណរដ្ឋប្រជាមានិត្តចិន ចុះជួយព្យាបាលប្រជាពលរដ្ឋស្រុកអង្គរធំ
សៀមរាប ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិង សប្បុរសជនសមាគមទឹកចិត្តមនុស្សធម៌ នៃសាធារណរដ្ឋប្រជាមានិត្តចិន ចំនួន ៣០០នាក់ ចុះព្យាបាលជម្ងឺជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៤ឃុំ ក្នុងស្រុកអង្គរធំខេត្តសៀមរាប កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦ នៅក្នុង បរិវេណសាលាបឋមសិក្សាជប់តាត្រាវឃុំតាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ។
ក្នុងឱកាសចុះពិនិត្យ លោកស្រី ឧកញ៉ាលឹម ឈីវហូរ ប្រធានអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានលើកឡើងថា ក្រុមគ្រូពេទ្យ និង សប្បុរសជន នៃសាធារណរដ្ឋប្រជាមានិតចិន តែងតែចុះមកពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងមួយឆ្នាំ២ដង នៅក្នុងខែ មីនា និង ខែសីហា ជារៀងរាល់ឆ្នាំ ។
លោកស្រី ឧកញ៉ាលឹម ឈីវហូរ បានបញ្ជាក់ថា នាឆ្នាំកន្លងមក ក៏បានចុះធ្វើការព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មានចំនួនជាង៣ម៉ឺននាក់ ក្នុង៣ខេត្ត គឺខេត្តកែប បាត់ដំបង និងខេត្តកំពង់ស្ពឺក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះ បានចុះមកព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ ដោយឡែកនៅស្រុកអង្គរធំថ្ងៃនេះ ក៏មានប្រជាពលរដ្ឋចូលមកពិនិត្យ ព្យាបាលជម្ងឺទូទៅ និង ទទួលអំណោយអង្ករមានចំនួនប្រមាណ ២ពាន់នាក់ ។
លោកជំទាវ ក៏បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត និង សប្បុរសជនទាំងនេះ នឹងបន្តចុះទៅព្យាបាលប្រជាពលរដ្ឋ នៅខេត្តកណ្តាល ។
ក្នុងនាមអាជ្ញាធរខេត្ត និង ប្រជាពលរដ្ឋខេត្តសៀមរាប លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរ គុណ ចំពោះអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ ដែលបានសហការជាមួយសមាគមទឹកចិត្តមនុស្សធម៌ ប៉ាយសួយ ឡាវយាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជ្រើសរើសខេត្តសៀមរាប ធ្វើជាគោលដៅ ក្នុងការដឹកនាំក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និង ព្យាបាលជម្ងឺ និង ផ្តល់អង្ករជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ , ជីក្រែង , អង្គរជុំ និង ស្រុកបន្ទាយស្រី ក្នុងរយៈពេល៣ថ្ងៃនេះ ។
លោកបណ្ឌិត ក៏បានលើកឡើងថា ការចុះមកបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជា របស់ក្រុមគ្រូពេទ្យនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងការរឹតចំណងមិត្តរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំ ។ សកម្មភាពទាំងនេះ គឺជាសក្ខីភាពដ៏សប្បុរសធម៌ ក្នុងការជួយដល់ សង្គម និង ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និង អង្គការសង្គមស៊ីវិល សប្បុរសជននានា លើសេចក្តីសុខសុភមង្គល របស់បងប្អូនផងដែរ៕