ជនល្មើសបើករថយន្ដទំនើប៦គ្រឿង មកលួចគាស់កំណប់សំរិទ្ធ នៅវត្តសសរស្តម្ភតែត្រូវបរាជ័យ
សៀមរាប៖ ក្រុមជនល្មើស ជិត២០នាក់ និងរថយន្តទំនើប៦គ្រឿងបានមកសែនព្រេនដោយមានគំរោងលួចគាស់ កំណប់សំរិទ្ធនៅវត្តសសរស្តម្ភ តែត្រូវបរាជ័យ ខណះព្រះសង្ឃ និងពលរដ្ឋប្រកាសអាសន្ន ហើយនៅគ្រាដែលសមត្ថកិច្ចមកដល់ក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់អស់ ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង២៣និង៤៧យប់នាទីថ្ងៃទី០៧ខែសីហា២០១៦ក្នុង បរិវេណវត្ត សសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោក ទេព ពុំសែន អធិការនគរបាល ស្រុកពួក បានឲ្យ ដឹងនៅព្រឹកថ្ងៃទី០៨នេះថា កាលពីយប់ម៉ិញមានមនុស្សប្រមាណជា២០នាក់ និងរថយន្ត៦គ្រឿង ប្រភេទហាយឡិនឌ័រ លុចស៊ិស 300 ២គ្រឿង អ៊ីស៊ុយស៊ុយ ១បាំងកន្លះ ១គ្រឿង និង កាមរី ៣គ្រឿង បាននាំគ្នា មកក្នុងវត្តសសរស្តម្ភ ឃុំសសរស្តម្ភ ក្បែរព្រះវិហារ និងបានយកមាន់២ សាច់ជ្រូក និងផ្លែឈើមកសែនមុខខ្ទមអ្នកតា គោលបំណងគាស់កំណប់សំរិទ្ធ (មិនទាន់សកម្មភាពគាស់ទេ)។លោកបន្តថា ក្នុងពេលនោះ មានព្រះសង្ឃនិងគណៈកម្មការ វត្តបានឃើញក្រុមជនសង្ស័យ និងបានប្រកាសអាសន្នហើយក្នុងពេលមានកំលាំងនគរបាល និងប្រជាពលរដ្ឋជួយអន្តរាគមន៍ ក្រុមជនសង្ស័យ បានបើករយន្តគេចខ្លួនអស់។
លោក បន្ថែមថា ក្នុងពេលកម្លាំងប៉ូលិស និងប្រជាពលរដ្ឋជួយអន្តរាគមន៍នោះសមត្ថកិច្ចបានឃើញឯកសារ របស់ក្រុមជនសង្ស័យចំនួន១២សន្លឹកនៅក្បែរកន្លែងសែន។លោកបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីនេះ យ៉ាងល្អិតល្អន់ ហើយក៏បានដឹងពីអត្តសញ្ញាណ ជនសង្ស័យខ្លះៗហើយ។ប៉ុន្តែសុំមិនទាន់បង្ហាញ ដោយសារទុកស្រាវជ្រាវសិន។
លោក បញ្ជាក់បន្ថែមថា ទីតាំងកំណប់សំរិទ្ធនោះ មិនទាន់ដឹងថា ពិតឬយ៉ាងណានោះទេ គ្រាន់តែគេល្បីថា មានកំណប់ដែលគេកប់តាំងពីសម័យប៉ុលពតមកម្ល៉េះ។ ទោះបីជាយ៉ាងនេះក្តី ក្នុងនាមសមត្ថកិច្ច នឹងព្រះ សង្ឃ ព្រមទាំងពលរដ្ឋមិនអនុញ្ញាតិឲ្យជនល្មើស ចូលមកកាប់គាស់យកវត្ថុបុរាណ បានស្រេចតែចិត្តនោះទេ៕