កប៉ាល់ នាំភ្ញៀវទេសចរជិត២ពាន់នាក់ ចូលតាមកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
ព្រះសីហនុ ៖ កប៉ាល់ទេសចរណ៍ធុនធំ មួយគ្រឿង បានភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ជិត ២ពាន់នាក់ ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨សីហា ឆ្នាំ ២០១៦នេះ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយះពេលមួយថ្ងៃ។
លោក ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានអោយដឹងថា កប៉ាល់ទេសចរបរទេសធុនយក្សមួយគ្រឿងមានឈ្មោះ Pacific Eden មានសញ្ជាតិ British បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១ ៣៦១ នាក់ ស្រី ៧៤៥ នាក់ មាន ២៥សញ្ជាតិ និងមាននាវិកសរុបចំនួន៦១៦នាក់ ស្រី ១៤៤នាក់ មាន ៣៩សញ្ជាតិ ។
លោកវរសេនីយឯក ស៊ាង ឡេង បានបន្ដថា កប៉ាល់ Pacific Eden មានបណ្ដោយ២១៩ ម៉ែត្រ ទទឹង ៣១ម៉ែត្រ ជម្រៅទឹក ៦,៦ ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីប្រទេស Singapor ចូលចត នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នាវានេះ មានគម្រោងនាំភ្ញៀវទេសចរបរទេសចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង ១៨ និង០០ នាទី នៅរសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។
លោក ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ បានបន្តទៀតថា ភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរតាមកប៉ាល់ pacific Eden ចំនួន១៣៦១នាក់ ដែលមានសញ្ជាតិផ្សេងគ្នា ហើយក្នុងចំណោមភ្ញៀវ ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អូស្ត្រាលី ១ ១០៩ នាក់ New Zealand ១២០ នាក់ British ៧១នាក់ ក្រៅពីនោះមានសញ្ជាតិផ្សងៗទៀត ។ ភ្ញៀវទេសចរណ៍ ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់ ។
លោកប្រធានប៉ុស្តិ៍ បានបញ្ជាក់ទៀតថា ដោយសារតែរដូវភ្លៀងធ្វើឲ្យកប៉ាល់ទេសចរណ៍ជាច្រើនគ្រឿងបានខកខានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ប៉ុន្តែនៅចុងឆ្នាំ២០១៦ មានកប៉ាល់ទេសចរជាច្រើនគ្រឿងបានចូលចត នៅខេត្តព្រះសីហនុ មានការកើនឡើងបន្តបន្ទាប់ផងដែរ ។ កំណើនភ្ញៀវទេសចរទាំងនេះ ដោយសារបច្ចុប្បន្នប្រទេសកម្ពុជាមានសន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រទាក់ទាញភ្ញៀវទេសចរ មិនចាញ់ខេត្តសៀមរាប អង្គរនោះទេ ជាពិសេសតំបន់កោះ មានដូចជា កោះរ៉ុង នាពេលបច្ចុប្បន្នមានការអភិវឌ្ឍរីកចំរើនផ្នែកវិស័យទេសចរណ៍ ៕