បទល្មើសដឹកចេញប្រណិត គេចពន្ធ ចេញរោងសិប្បកម្មធំៗ នៅខេត្តព្រះវិហារ ដូចភ្លៀងរលឹម
ព្រះវិហារ ៖ សព្វថ្ងៃនេះ បទល្មើសព្រៃឈើប្រភេទឈើប្រណីតឈើលេខ១ និងសន្លឹកទ្វារកែច្នៃធ្វើពីឈើគគីរនៅតែដឹកជញ្ជូនចេញជាហូរហែ ចេញពីឃុំពោធិ៍ និងឃុំប្រមេរស្រុកត្បែងមានជ័យ តាមផ្លូវជាតិលេខ០៩ ចូលមកក្រុងព្រះវិហារ និងបន្តដឹកជញ្ជូនចេញទៅកាន់បណ្តាខេត្តផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ។ ក្នុងនោះ មានសមត្ថកិច្ចខិលខូចដាក់កុងត្រូលជជុះប្រមាណ១០ ទីតាំងនៅតាមដងផ្លូវជាតិលេខ០៩ ព្រោះតែផ្លូវជាតិនេះ ជាច្រកសំខាន់ដែលរថយន្តដឹកជញ្ជូនឈើគ្រញូងឆ្លងកាត់ស្ទើររាល់យប់ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង។
ប្រភេទឈើដែលដឹកជញ្ជូនទាំងនោះ ត្រូវបានគេដឹងថា ជនល្មើសកាប់បំផ្លាញពីព្រៃការពារ ព្រះរកាដែលនៅពេលនេះ គ្រប់គ្រងដោយក្រសួងបរិស្ថាន បន្តវេនពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទយកមកលក់អោយឈ្មួញឈ្មោះ ស៊ុន មកពីខេត្តកំពង់ធំ ដែលមានរោងសិប្បកម្មដ៏ធំនៅភូមិបុស្សធំឃុំពោធិ៍ស្រុកត្បែងមានជ័យ និងឈ្មោះ គិត ឈ្មួញ ឈើដុះស្លែមានរោងសិប្បកម្មកែច្នៃឈើដ៏ធំដូចគ្នា នៅភូមិពោធិ៍ទាបឃុំម្លូរព្រៃ១ស្រុកឆែប។រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ខ្នាតធំៗ ខ្លះជ្រកនៅយ៉ាងរឹងមាំច្រើនឆ្នាំ នៅខាងក្រោយបន្ទាយសមត្ថកិច្ចកងកម្លាំងស្រុកត្បែងមានជ័យ និងស្រុកជ័យសែនតែម្តង។
ភ្នាក់ងាររាយការណ៍ អោយដឹងថា ឈ្មួញឈើ ឈ្មោះ ស៊ុន តែង តែដឹកសន្លឹកទ្វារគគីរកែច្នៃនិងបង្កប់ឈើប្រណីតតាប់ពីក្រោមថែមទៀត ដើម្បីងាយស្រួលកើបលុយធ្វើមានបាន។សន្លឹកទ្វារគគីរកែច្នៃត្រូវបានឈ្មោះ ស៊ុន និងបក្ខពួកដឹកជញ្ជូនប្រមាណ១០០សន្លឹកទ្វារតាមរថយន្តសាំយ៉ុងពណ៌ស១គ្រឿងកែច្នៃសណ្តោង កន្ទុយយកទៅលក់បោះដុំនៅខេត្តបាត់ដំបង កាត់តាមស្រុកគូលែន និងខេត្តសៀមរាប ដោយក្នុង១ខែ អាចដឹកចេញបាន៥០០សន្លឹកទ្វារឯណោះ។
ឈ្មួញឈើ អួតអាងថា ទ្វារគគីរ១សន្លឹកដែលធ្វើហើយចេញពីរោងសិប្បកម្មកែច្នៃអាចចំណេញប្រាក់បានចំនួន២០ដុល្លារ អាមេរិក ដូច្នេះហើយ បានជានៅទូទាំងខេត្តព្រះវិហារ មានរោងសិប្បកម្មកែច្នៃឈើធ្វើគ្រែ,ទ្វារ,តុ,ទូរ,កៅអីទ្បាវ,សាទ្បុង ប្រណីត ទាំងមានច្បាប់ និងគ្មានច្បាប់ប្រមាណ៣០០ទីតាំងឯណោះ។
ភ្នាក់ងារ បានអោយដឹងថា រោងសិប្បកម្មកែច្នៃឈើរបស់ឈ្មោះ ស៊ុន មានច្បាប់ធ្វើអាជីវកម្មមែនប៉ុន្តែប្រភពឈើផ្គត់ផ្គង់ទាំងអស់សុទ្ធតែទិញចូលដោយខុសច្បាប់ ពីជនល្មើសដែលបាននាំគ្នាចូលកាប់បំផ្លាញពីព្រៃឈើការពារព្រះរការ ហើយសង្ស័យមានរណាយន្តប្រមាណ១០០គ្រឿង ឯណោះដែលបានបង់លុយខែ អោយគ្រប់ស្ថាប័នសមត្ថកិច្ច។ឮថា ឈ្មោះ ស៊ុន បានទិញ PC ឈើគគីរប្រមាណ១០ម៉ែត្រគូបក្នុង១ខែៗពីក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចនៅស្រុកគូលែន ដើម្បីគ្រាន់តែបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ រីឯឈ្មួញឈើដុះស្លែឈ្មោះ គិត រហស្សនាម កំពូលល្បិចរកស៊ីដឹកជញ្ជូនសន្លឹកទ្វារគគីរកែច្នៃ និងឈើតាប់យកទៅលក់នៅខេត្តសៀមរាប ជិត២០ឆ្នាំមកហើយមិនដែលឮថា សមត្ថកិច្ចតាមដងផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ០៩ ចាប់បង្ក្រាបគាត់បានម្តងណាទ្បើយ ដោយសារមានអ្នកធំ នៅរាជធានីភ្នំពេញកាងនៅពីក្រោយខ្នង។ពេលនេះ ឈ្មោះ គិត បានក្លាយទៅជាសេដ្ឋីដឹកឈើ ខុសច្បាប់ដ៏ល្បីម្នាក់ផងដែរ ប្រចាំខេត្តព្រះវិហារ ហើយល្បីដល់ខេត្តសៀមរាបថែមទៀត៕