ផ្ដល់អំពូលភ្លើងបំភ្លឺ តាមបន្ទប់ថ្នាក់រៀន នៃវិទ្យាល័យអូរអំបិល
បន្ទាយមានជ័យ ៖ ឆ្លើយតប និងតម្រូវការរបស់សិស្សានុសិស្ស ក៏ដូចជា នាយកវិទ្យាល័យអូរអំបិល ត្រូវការ ភ្លើងបំភ្លឺ ក្នុងបន្ទប់រៀន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លោក អ៊ុំ សុផល ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ បាននាំយកខ្សែរ អំពូលភ្លើង ជូនដល់វិទ្យាល័យអូរអំបិល ដើម្បីបំពាក់តាមបន្ទប់រៀន ។
លោក អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់អំពូលភ្លើងជូន សាលាវិទ្យាល័យអូរអំបិល រូបលោក រួមជាមួយនឹង នាយការិយាល័យសណ្ដាប់ធ្នាប់ ចរាចរណ៍ អន្តរាគមន៍ បាននាំយកអំពូលភ្លើងចំនួន៦៤អំពូល ជើងអំពូលចំនួន៦៤ ខ្សែរភ្លើងចំនួន២ដុំ ប្រគល់ជូនលោក ស្តើង សៀវហឺ នាយកសាលាវិទ្យាល័យអូរអំបិល ។ អំពូលភ្លើង និងសំភារៈទាំងនេះគឺ ដើម្បីបំពាក់តាមបន្ទប់ថ្នាក់រៀន អោយបានភ្លឺ សម្រាប់អោយសិស្សានុសិស្ស ដែលកំពុងរៀនត្រៀមប្រលងបាក់ឌុប និងដើម្បីបំភ្លឺពេលប្រលងបាក់ឌុប ។
លោក ស្តើង សៀវហឺ នាយកសាលាវិទ្យាល័យអូរអំបិល ក៏ដូចជា លោកគ្រូអ្នកគ្រូ បានថ្លែងអំណរគុណ ចំពោះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជា លោក អ៊ុំ សុផល ស្នងការរង នគរបាលខេត្ត ដែលបានគិតគូរដល់សិស្សានុសិស្ស ដែលត្រូវប្រលង នាពេល ខាងមុខ ។
ជាមួយគ្នានោះដែល សិស្សានុសិស្សដែលកំពុងប្រលងឆមាស ក៏ដូចជា សិស្សដែលកំពុងរៀនត្រៀមសម្រាប់ប្រលងបាក់ឌុប ក៏បានថ្លែងអំណរគុណ ចំពោះនគរបាលខេត្តបន្ទាយមានជ័យ មិនថា តែកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនោះទេ គឺស្ទើរគ្រប់កិច្ចការងារសង្គម តែងបានជ្រោមជ្រែងជាកិច្ច ៕