ទៅឆក់ត្រី មិនឃើញមកផ្ទះ ព្រឹកឡើង ប្រពន្ធតាមរក ឃើញដេកស្លាប់ នៅក្នុងវាលស្រែ
ព្រៃវែង៖ បុរសម្នាក់ បានចេញពីផ្ទះ ទៅឆក់ត្រី បាត់មួយយប់លុះព្រឹកឡើង ប្រពន្ធទៅតាមរក បានប្រទះឃើញដេកស្លាប់ នៅកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើល ករណីនេះ សង្ស័យថា ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់។
ករណីនេះ ជនរងគ្រោះបានចេញទៅឆក់ត្រី កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៦ ប៉ុន្តែនៅព្រឹកថ្ងៃទី០៥ ថ្ងៃខែដដែល ទើបប្រពន្ធ បានប្រទះឃើញបង្កការភ្ញាក់ផ្អើល តែម្ដង ។ ប្រជាពលរដ្ឋ ដែលរស់នៅជិតផ្ទះជនរងគ្រោះ បានឲ្យដឹងថា បុរស រងគ្រោះ មានឈ្មោះ អិន ដាំ ភេទប្រុសអាយុ៤២ ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងភូមិ ដូនយូ ឃុំជាខ្លាង ស្រុកស្វាយអន្ទរខេត្តព្រៃវែង។ ប្រភព បានបន្ដទៀតថា ជនរងគ្រោះជារើយៗ តែងតែចេញទៅឆក់ត្រីនៅពេលយប់ៗ។
ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅយប់កើតហេតុ រូបគាត់មិនបានឃើញប្តីរបស់គាត់ត្រឡប់មកផ្ទះវិញ លុះព្រឹកឡើង រូបគាត់បានដើរ ទៅរកលុះដល់ចំណុចវាលស្រែ ខាងលើ ក៏ប្រទះឃើញ ប្ដី ដេកស្លាប់ដោយរុំ ជាប់ នឹងដែកឆក់ នៅកណ្តាលវាលស្រែ តែម្នាក់ឯង ក្រោយមករូបគាត់ក៏បានមកហៅឲ្យអ្នកភូមិជួយទើប បង្ករការភ្ញាក់ផ្អើលដល់អ្នកស្រុកតែម្តង នឹងបានរាយការទៅសមត្ថកិច្ច។
នគរបាលប៉ុស្តិ៍ ជាខ្លាង បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ ដោយសារ ឆក់ខ្លួនឯងស្លាប់ ពិតប្រាកដមែន។សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕