បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន១១នាក់ បញ្ជូនទៅសាលាដំបូង
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស-ស្រីជួញដូរ៤នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៦ ចំណុចសាលារៀនចិន ផៃ ឆឹង ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយមានការបញ្ជានិងដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការឃាត់ជាបន្តបន្ទាប់នូវជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៤នាក់ រួមមាន ១.ឈ្មោះ សំណាង លីលី ភេទស្រីអាយុ១៥ឆ្នាំ ២.ឈ្មោះ អៀង រក្សា ហៅសា ភេទប្រុស អាយុ២២ឆ្នាំ ៣.ឈ្មោះ ហ៊ូ ដូល្លា ភេទប្រុសអាយុ២៥ឆ្នាំ ៤.ឈ្មោះ ហេង សុមេធា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង៤ រស់នៅក្នុងក្រុងសិរីសោភ័ណ រួមនិងអ្នកប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៧នាក់ ផ្សេងទៀត ។
ជាមួយគ្នានេះសមត្ថកិច្ច បានដកហូតវត្ថុ តាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៥កូនថង់តូច ស្មើនឹង ២,៩៨ក្រាម, កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ ,ដបកែច្នៃចំនួនចំនួន៣ ដាវចុងស្រួច២ដើមនិងទូរស័ព្ទដៃចំនួន៨គ្រឿង និងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោក ង៉េង សុជា បន្តថា ជនសង្ស័យជួញដូរគ្រឿងញៀន និងប្រើប្រាស់ទាំង១១នាក់ រួមទាំង វត្ថុតាង កំពុងត្រូវបានកំលាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦នេះ ៕