ល្បែងបៀរ និងអាប៉ោង បើកលេងយ៉ាងម៉ាសេរី នៅស្រុកបន្ទាយស្រី ក្រុមអ្នកញៀនល្បែងអះអាងថា បង់លុយឲ្យសមត្ថកិច្ច ជារៀងរាល់ខែ
សៀមរាប ៖ ល្បែងស៊ីសងអាប៉ោង និងបៀរនៅស្រុកបន្ទាយស្រី បានបើកលេងម៉ាសេរី គួរអោយ ព្រួយបារម្ភ យ៉ាងខ្លាំងពីសំណាក់មហាជន ពីព្រោះមុខរបរមួយនេះ អាចធ្វើឲ្យបះពាល់ដល់ សន្តិសុខសង្គម បណ្ដាលអោយកើតមាន ចោរ ប្លន់ ចោរឆក់ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកម្រងថ្មី ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅពេលអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងកន្លែងលេងល្បែងស៊ីសង អាប៉ោង ហើយបានថតផ្តិតយក សកម្មភាពមកផ្សាយស្រាប់តែ ក្រុមអ្នកលេងអាប៉ោងបាន ជេរប្រមាថ និងគំរាមកំហែង ពួកអាហែងចង់ហៅអភិបាលស្រុក ឬក៏អធិការស្រុក និងមេធំនៅលើក៏អញ មិនខ្វល់ដែរ ដោយសារម្ចាស់ល្បែងស៊ីសងទាំងពីរនាក់នេះ ឈ្មោះ លោក ព្រៃ និងយាយ ហ៊ីម ហៅ យាយ ចេក បានបង់លុយឲ្យសមត្ថកិច្ចជារៀងរាល់ខែ អស់ហើយ អ្នកទៅចូលរួមលេងល្បែងជិះឡានសុទ្ធតែទំនើបៗ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ការលេងល្បែងអាប៉ោងស៊ីសងចាក់លុយក្នុងមួយរន្ធៗ អាចរហូតដល់១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារឯណោះ ។
លោក ម៉ុយ ណន អធិការស្រុកបន្ទាយស្រី មិនអាចធ្វើការទំនាក់ទំនងបានទេ ជុំវិញករណីខាងលើនេះ។ ប្រជាពលរដ្ឋបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ធ្វើយ៉ាងណាឲ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ ទីណាមានល្បែងស៊ីសង ទីនោះមានចោរ ប្លន់ចោរឆក់ ដើម្បីឲ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានបង្កើតនូវភូមិ ឃុំមានសុវត្ថិភាព៩យ៉ាងជូនប្រជាពលរដ្ឋជាដើម៕