ស្ត្រីជនជាតិទំពួនម្នាក់ បានធ្លាក់ខ្លួនពិការជើងទាំងពីរ ដោយសារត្រូវទំនាយសត្វអន្សង
រតនគិរី ៖ ស្ត្រីជនជាតិទំពូនម្នាក់ឈ្មោះ ធៀន ព្យេម អាយុ ៣០ ឆ្នាំ រស់នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវពិការជើងទាំងពីរ តាំងពីអាយុ៣ ឆ្នាំ ដោយសារត្រូវទំនាយសត្វអន្សង ។
លោក ផាន់ បូន ត្រូវជាឪពុកមារបស់ស្ត្រីពិការជើងម្នាក់នេះ បានឲ្យដឹងថា កាលគ្រាមួយនោះឪពុករបស់នាងតែងតែទៅដាក់លប ដាក់ទ្រូ ដើម្បីបានត្រីមកចិញ្ចឹមជីវិត ។ ថ្ងៃមួយ ពេលដែលឪពុករបស់នាងទៅមើលលបតាមទម្លាប់ចាស់ ពេលនោះ ស្រាប់តែឃើញសត្វអន្សង ហែក លបចូលស៊ីត្រីអស់ ដោយមានចិត្តខឹងខ្លាំងពេក ក៏ភ្លេចពាក្យសម្បថ គាត់បានចាប់សត្វ អន្សង នោះមកកាត់ជើង រួចក៏លែងវិញទៅ ។ រំលងបានមួយខែ ក្រោយមក កូនស្រីរបស់គាត់ក៏ចាប់ផ្តើមមានជំងឺហើមជើងរលួយ ព្យាបាល មិនជាតាំងពីអាយុ៣ឆ្នាំនោះមក ។ ទោះបីជាចាស់ទុំក្នុងភូមិ ខំធ្វើពិធីបន់ស្រន់ដល់អារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដីយ៉ាងណាក៏ដោយ ក៏នៅតែគ្មានវិធីណាមួយ អាចជួយឲ្យនាងបានជាសះស្បើយឡើយ ហើយជើងទាំងពីររបស់នាងក៏បានរលួយដាច់រហូតមកដល់ពេលនេះតែម្តង ។
លោក បានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីនាងពិការជើង ទាំងពីរហើយនោះ នាងបានរៀបការមាន គ្រួសារ ហើយបានកូនចំនួន បួននាក់ តែត្រូវស្លាប់ជាបន្តបន្ទាប់សល់តែមួយគត់ ។
លោក បានឲ្យដឹងថា តាំងពីបុរាណកាលមកបងប្អូនជនជាតិទំពូន គឺមានជំនឿខ្លាំងណាស់ចំពោះសត្វអន្សង ព្រោះថាតាមទំនៀម ទម្លាប់ប្រពៃណីរបស់ជនជាតិទំពួន ពួកគាត់តែងតែធ្វើការបន្លាស់ទីពី ភូមិចាស់ទៅភូមិថ្មី មួយទៀត បន្ទាប់ពីបងប្អូនពួកគាត់រស់នៅក្នុងភូមិ ចាស់ គ្មានសេចក្តីសុខ ដូចជា មានជំងឺ ឬមានក្មេងៗស្លាប់ ក្នុងភូមិច្រើន ជាដើម គឺពួកគាត់តែងតែចាកចេញពីភូមិចាស់ទៅបង្កើតភូមិមួយទៀត ដោយមានទម្លាប់មួយត្រូវទុក យាយចាស់ជរាម្នាក់ឲ្យនៅចាំភូមិចាស់ ព្រមទាំងទុកសម្ភារប្រើប្រាស់ ដូចជា ភួយ មុង កន្ទេល ខ្នើយ ចាន ឆ្នាំង កាំបិត ឲ្យដូនចាស់នោះ ទម្រាំគេសង់ផ្ទះនៅភូមិថ្មីនោះរួច ទើបគេមកធ្វើពិធីដង្ហែរដូនចាស់នោះទៅរស់នៅ ក្នុងភូមិថ្មីតាមក្រោយ ។ តែនៅពេលដែលគេត្រឡប់មកទទួលយកលោកយាយនោះ ស្រាប់តែបាត់គាត់រកមិន ឃើញសោះ ។ ពួកគេក៏ប្រមូលគ្នាទាំងភូមិដើររកគ្រប់ទិសទីនៅតែមិនឃើញដដែល គឺឃើញតែសត្វអន្សងដ៏ធំ មួយក្បាលនៅក្នុងផ្ទះដែលទុកលោកយាយនោះ ។
ក្រោយពីពួកគេនាំគ្នាដើររកអស់កម្លាំងពេក ពួកគេក៏បបួលគ្នាសម្លាប់សត្វអន្សង នោះធ្វើជាអាហារតែម្តងទៅ បន្ទាប់ពីហូបសាច់សត្វអន្សងនោះរួច ពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះនៅឯភូមិថ្មីនោះវិញ ។ លុះពេលយប់ ស្រាប់តែយាយចាស់ដែលបានបាត់ខ្លួននោះ មកពន្យល់សុបិន្ដថា ពួកឯងបានស៊ីសាច់យាយហើយ បើចង់មានសេចក្តីសុខ ថ្ងៃស្អែកត្រូវតែនាំគ្នា ទៅស្បថសច្ចាថាឈប់ប៉ះពាល់សត្វអន្សងទៀត បើមិនដូច្នោះទេ អ្នកទាំងអស់គ្នានឹងរស់នៅដោយគ្មានក្តីសុខឡើយ ៕
ដកស្រង់ ៖គេហទំព័របាយ័ន