ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺពលរដ្ឋឥតគិតថ្លៃនៅ ស្រុកបន្ទាយអំពិល
ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្ត បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះសាកសួរសុខទុក្ខ និងពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋដោយឥតគិតថ្លៃ កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅភូមិទទឹងថ្ងៃ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ពិធីសាកសួរសុខទុក និងការចុះព្យាបាលជំងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានធ្វើឡើង ក្រោមវត្តមាន លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មានប្រជាពលរដ្ឋ ចូលរួមចំនួន៤៤៤នាក់។
ក្នុងសកម្មភាពនេះ បានចំណាយថវិកាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោកអភិបាលខេត្ត ចំនួន ៧.២១០,០០០រៀល បានចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយអំពិល។ ក្នុងឱកាសនោះ លោក ស ថាវី អភិបាលខេត្ត ក៏បានចុះទៅសួរសុខទុកអតីតយុទ្ធជន ឈ្មោះ ស៊ិន ណូង ជាជនពិការនៅភូមិចាន់ក្រហម សែនជ័យ ឃុំអំពិល និងបានជូនអំណោយជាថវិកាចំនួន២៥០.០០០ រៀលទៀតផង៕