សមត្ថកិច្ច ចុះធ្វើរដ្ឋបាល តាមផ្ទះ ឃាត់ខ្លួន ជនសង្ស័យ៤នាក់ ពាក់ព័ន្ធថ្នាំញៀន ៣២កញ្ចប់
ព្រះសីហនុ ៖ ឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន៤នាក់ ជាប់ពាក់ព័ន្ធ និងករណីរក្សាទុកសារធាតុញៀនខុសច្បាប់ ត្រូវបាន កម្លាំងចំរុះគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះធ្វើរដ្ឋបាល តាមផ្ទះជួល និង ផ្ទះសំណាក់ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៦ម្សិលមិញនេះ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ម៉ាន មូសភើហ្វើ ភេទប្រុសអាយុ២០ ឆ្នាំ ជនជាតិខ្មែរឥស្លាម ២. ម៉ាន ជូនី ភេទប្រុសអាយុ២៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម ៣. សុខ ស្មាអ៊ែល ភេទប្រុសអាយុ២២ ឆ្នាំ ជនជាតិខ្មែរឥស្លាម អ្នកទាំង៣នាក់ មានទីលំនៅភូមិម៉ាក់ប្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ និងជនសង្ស័យទី ៤.ឈ្មោះ ម៉េង ស្រីកា ភេទស្រី អាយុ២៤ ឆ្នាំ ទីលំនៅភូមិអង្កោល ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ច បានបន្ថែមទៀតថា ជនសង្ស័យទាំង៤ នាក់ ត្រូវបានឃាត់ខ្លួន នៅចំនុចផ្ទះសំណាក់ រីករាយ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ចំណែក វត្ថុតាងដកហូតបាន រួមមាន ៖ ម្ស៉ៅ ស ថ្លា (ម៉ាទឹកកក)ចំនួន០៥ កញ្ចប់ធំ ២៧ កញ្ចប់តូច ម៉ូតូចំនួន២គ្រឿង (ម៉ាកCBR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CI 1061, ម៉ាកស្មាស់ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1H 2295)3/ ទូរស័ព្ទដៃចំនួន០៤ គ្រឿង និងសម្ភារៈ ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុ តាង កំលាំងនគរបាលស្រុកបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕