ស្ត្រីជនជាតិហ្វីលីពីនម្នាក់ មកស្នាក់នៅកម្ពុជា ដោយខុសច្បាប់ ត្រូវបាន ឃាត់ខ្លួនត្រៀមបណ្ដេញចេញ
សៀមរាប ៖ ស្ត្រីជនជាតិហ្វីលីពីនម្នាក់ ស្នាក់នៅ(ហួសទិដ្ឋាការ)និង បំរើការខុសច្បាប់ នៅក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនយកមកសួរនាំ ខណះចុះធ្វើការត្រួតពិនិត្យអធិការកិច្ចប័ណ្ណការងារនៅសាលារៀនអន្តរជាតិ WORLD BRIGHT ។ ការឃាត់ខ្លួននេះគឺ រសៀល ថ្ងៃទី០២ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យ នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងក្រុមការងារចំរុះអធិការកិច្ច ពលករបរទេសដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សុខ សុវណ្ណាធនុរាសីប្រធានក្រុមការងារអធិការកិច្ចនិងការិយាល័យនគរបាលអន្តោប្រវេសន៍ បានចុះធ្វើការត្រួតពិនិត្យអធិការកិច្ចប័ណ្ណការងារនៅសាលារៀនអន្តរជាតិ WORLDBRIGHT មានទីតាំងស្ថិតនៅភូមិត្រពាំង
សេះសង្កាត់គោកចកក្រុងសៀមរាប ក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញជនជាតិហ្វីលីពីន មា្នក់ គ្មានឯកសារជាប់ និងខ្លួនហើយបានកំពុងបំរើការងារជាគ្រូបង្រៀនទៀតផង។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅចំពោះមុខសមត្ថកិច្ចជនបរទេសរូបនេះបានឆ្លើយសារភាពថា គាត់បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣ តាមជើងហោះហើរព្រលានយន្តហោះអន្តរជាតិសៀមរាបតែម្នាក់ឯង ក្នុងគោលបំណងស្វែងរកការងារធ្វើ និងបានស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
លោក បន្ថែមថា ជនជាតិបរទេសដែលសមត្ថកិច្ចរកឃើញនៅពេលនេះមានឈ្មោះ LIAO RISA OPULENCIA ភេទស្រីអាយុ៣៧ឆ្នាំ មានមុខរបរជាគ្រូបង្រៀនជនជាតិហ្វីលីពីន កាន់លិខិតឆ្លងដែនលេខEB1067116 បានមកស្នាក់នៅខុសច្បាប់(ហួសទិដ្ឋាការ)។លោក បានបន្តថា បច្ចុប្បន្នជនបរទេសរូបនេះ ត្រូវបានកម្លាំងនគរបាលធ្វើការសាកសួរបន្ថែមទៀត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់មណ្ឌលត្រៀម បណ្ដេញចេញ(ន៧)ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាបរបស់អគ្គនាយកដ្ឋានស៊ើបអង្កេតនៃការអនុវត្តនីតិវិធីក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធីច្បាប់ជាបន្តនៅថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៦៕