ថៃបញ្ជូនសពពលការិនីខ្មែរម្នាក់ ដែលបានស្លាប់នៅខេត្តឈុនបុរី មកកម្ពុជាវិញ
បាត់ដំបង ៖ អាជ្ញាធរថៃបញ្ជូន សពពលការិនីខ្មែរម្នាក់ អោយត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីនារីរូបនេះ កើតជំងឺប្រចាំកាយ រហូតព្យាបាលលែងកើត បានស្លាប់ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ ។
ពលការិនីម្នាក់ ដែលបានចូលទៅបម្រើការជាកម្មករនៅក្នុងប្រទេសថៃ គឺនៅក្នុងខេត្តឈុនបុរី ហើយបានស្លាប់ដោយសារជំងឺ ក្អួតធ្លាក់ឈាម កាលពីថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ ទើបនៅម៉ោង ២ និង ១៧នាទី រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ គឺសព ពលការិនីរូបនេះ បានបញ្ជូនមកដល់ទឹកដីកម្ពុជា ញហើយ តាមច្រកអន្តរជាតិដូង ក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង ។
បើតាមការអះអាងពីក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិដែលទៅចាំទទួលសព បានបញ្ជាក់ថា ពលការិនីរូបនេះ មានឈ្មោះ នួន ចន្ទ្រា ភេទស្រី អាយុ២០ឆ្នាំ រស់នៅ ភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានទៅធ្វើការនៅក្នុង ប្រទេសថៃ ការស្លាប់នេះ អាចបណ្ដាលមក ពីនាង ធ្វើការលើសកម្លាំង ទើបនាងក្អួតធ្លាក់ឈាមរហូតដល់ស្លាប់បែបនេះ ។
បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ សាច់ញាតិមកទទួលយកទៅកាន់លំនៅឋានវិញហើយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕