កាកបាទក្រហម ប្រគល់ផ្ទះ១ខ្នងជូនស្ត្រីមេម៉ាយក្រីក្រ រស់នៅជាមួយកូន៥នាក់
កំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រ ជួបការលំបាក រស់នៅជាមួយកូន៥នាក់ បានទទួលអំណោយផ្ទះ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមលោកជំទាវ វណ្ណ លុយ សមាជិកកិត្តិយសថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា និងលោកជំទាវកែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តរួម និងអស់លោកលោកស្រីសមាជិកសមាជិកាក្រុងសង្កាត់។
ស្ត្រីមេម៉ាយដែលរស់នៅក្នុងភាពក្រីក្រ ជាមួយកូន៥នាក់ មានឈ្មោះ អ៊ុនគឹមស្រ៊ុន ភេទស្រីអាយុ៣៥ រស់នៅក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ផ្ទះដែលត្រូវបានប្រគល់ជូន នាថ្ងៃទី២៦ សីហា២០១៦ក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។ វាជាផ្ទះឈើតៀមប្រក់ស័ង្កសីជញ្ជាំង ស័ង្កសី ដែលមានទទឹង៤ម៉ែត្រ បណ្តោយ៥ម៉ែត្រ ។
ក្នុងឱកាសនោះលោកជំទាវ វណ្ណ លុយ សមាជិកកិត្តិយសថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា បានលើកឡើងថា ទោះបីផ្ទះមួយនេះតូច តែអាចអោយស្ត្រីមេម៉ាយ និងកូន ៥នាក់ ស្នាក់នៅជាមួយកូនៗ បាន ពិសេសសូមអោយគិតពីបញ្ហាសុខភាពផងដែរ ។ ក្នុងនោះ ក៏បានផ្ដល់ អង្ករ ២៥គីឡូក្រាម មី១កេះ ត្រីខ១០ កំប៉ុង និងថវិកា ២០ម៉ឺនរៀលផងដែរ ។
នៅបញ្ចប់ពិធីក្រុមការងារ បានចុះសាកសួរសុខទុក្ខប្អូនៗរស់នៅ ក្នុងមណ្ឌលកុមាកំព្រាខេត្តកំពង់ឆ្នាំង និងបានប្រគល់ថវិកា១.២០០.០០០រៀល និងទឹកផ្លែឈើទឹកក្រូច២កេះ ឧបត្ថម្ភដល់មណ្ឌលកុមារ កំព្រា ខេត្តកំពង់ឆ្នាំង ខណះដែលក្រុមការងារពីសារអាហារសាមគ្គីជាមួយដោយមិនមានការរើសអើងនោះឡើយ ៕