យុវជនម្នាក់បោលម៉ូតូចុះចំណោតលឿនជ្រុល បុកគេពីក្រោយរងរបួសធ្ងន់ខ្លួនឯង
ប៉ៃលិន៖ យុវជនម្នាក់ជិះម៉ូតូចុះចំណោត ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត យ៉ាងពេញទំហឹង ក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យរងរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ផ្លូវប្រសព្វគ្នារវាងផ្លូវ ជាតិលេខ ៥៧ និងផ្លូវជាតិលេខ ៥៩ ចំនុចភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចចរាចរផ្លូវគោកខេត្តប៉ៃលិន បានឲ្យដឹងថា យុវជនដែលរងរបួសមានឈ្មោះ អ៊ុំ វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជា ធ្វើចំការ រស់នៅទីតាំងកើតហេតុខាងលើ (រងរបួលធ្ងន់) ជិះម៉ូតូ ម៉ាក់ MSX ពណ៌ខ្មៅលាយលឿង កាំបន្ទះ ពាក់ស្លាកលេខ ប៉ៃលិន 1C-1010 បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើតចុះចំណោតលើដងផ្លូវជាតិលេខ ៥៧ ហើយក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាក Wave សេរីឆ្នាំ ២០០៩ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភព-8747 បើកបរដោយឈ្មោះ អេង អួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅរកាបោះ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង (មិនមានរបួសទេ) ។
សមត្ថកិច្ច បានបន្តទៀតថា គ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសារការបើកបរក្នុងល្បឿនលឿនដោយគ្មានការប្រុងប្រយ័ត្ន ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការក្រុងប៉ៃលិន ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕