ម៉ូតូ២គ្រឿង សាកល្បងកម្លាំងពេញទំហឹង លទ្ធផល របួសធ្ងន់២នាក់ និងស្រាលម្នាក់
ប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងម៉ូតូ បុកជាមួយម៉ូតូ ពេញទំហឹង ក្នុងទិសដៅច្រាស់ទិសគ្នា បណ្តាលមនុស្ស២នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាល កាលពីវេលាម៉ោង១៩និង៤៥ យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក០១៦ ពាក់ស្លាកលេខ ប៉ៃលិន 1C-1539 ជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីកើតមកលិច បម្រុង និងបត់ទៅខាង ឆ្វេងដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក០១៥ ពាក់ស្លាកលេខប៉ៃលិន 1B-1578 ជិះម្នាក់ឯង ក្នុងទិសដៅ ច្រាស់ទិសគ្នា រួចក៏បុកម៉ូតូ០១៦ ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលខ្លួនឯង សន្លប់ស្ដូកស្ដឹង និងអ្នករួមដំណើរជាមួយម៉ូតូមួយទៀតសន្លប់ និងកន្លែងផងដែរ ។
សមត្ថកិច្ចចរាចរ នៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈិន មុំ ភេទស្រី អាយុ១៥ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាអ្នករួមដំណើរ។ ចំណែក អ្នកបើកបរម៉ូតូឈ្មោះ ផន ចាម ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នករត់ឌុប រស់នៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិះម៉ូតូម៉ាក០១៦ ស្លាកលេខប៉ៃលិន1C-1539 ពណ៌ខ្មៅ ។ ជនបង្កហេតុ មានឈ្មោះ ព្រិត ដន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ជិះម៉ូតូម៉ាក០១៥ ពាក់ស្លាកលេខ ប៉ៃលិន1B-1578 ពណ៌ខ្មៅ ។ ក្រោយពេលកើតហេតុ គេឃើញរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។ បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរខេត្ត រងចំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕