ផ្ទៃដីស្រែជាង១ពាន់ហិចតា នៅស្រុកសំរោងទង កំពុងជួបគ្រោះរាំងស្ងួត គួរឲ្យព្រួយបារម្ភ
កំពង់ស្ពឺ ៖ ផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង១ពាន់ហិចតា កំពុងជួបបញ្ហាគ្រោះងស្ងួតខ្វះខាត ទឹកស្រោចស្រប ធ្វើឱ្យប្រជាកសិករ និងអាជ្ញាធរមានការព្រួយបារម្ភ យ៉ាងខ្លាំងប្រសិនបើសិនជាគ្មានភ្លៀងធ្លាក់ឆាប់ៗទេនោះ អាចបណ្តាលឱ្យសន្ទូង សំណាប និងស្រូវព្រួស ងាប់ហួសមិនខាន ។
របាយការណ៍របស់អាជ្ញាធរស្រុកសំរោងទង បានបង្ហាញថា ដោយភាពរាំងស្ងួតនៅតែអូស បន្លាយកាន់តែយូរ បានធ្វើអោយឃុំមួយចំនួនរបស់ស្រុកសំរោងទង ជួបការខ្វះខាតទឹកបង្កបង្កើនផល និងមានផលប៉ះពាល់ភូមិចំនួន ៣៨ ភូមិ ក្នុង ៤ឃុំ ស្មើផ្ទៃដីសរុប ១០៧៤ ហិចតា រួមមាន សំណាប ១៥២ ហិចតា សន្ទូង ៩២២ ហិចតា និងស្រូវព្រួស មួយចំនួនទៀត ។
លោក ស៊ីម រតនៈ អភិបាល ស្រុកសំរោងទង បានសំដែងការព្រួយបារម្ភ ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោកថា ឃុំដែលរងផលប៉ះពាល់ទាំងនោះ មានឃុំទំពរមាស ឃុំតាំងក្រូច ឃុំស្គុះ និងឃុំការហែង ក្នុងនោះ លទ្ធផលជួយសង្គ្រោះ សន្ទូង ២១៧ ហិចតា , សំណាប ២៥ ហិចតា ។ ដោយមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានដាក់ម៉ាស៊ីន ០១គ្រឿង និងផ្តល់ប្រេង ៣៣០លីត្រ នៅឃុំតាំងក្រូច ។ ចំពោះការងារជួយសង្គ្រោះសំណាបសន្ទូងនេះ អាជ្ញាធរស្រុក ឃុំ និងអង្គភាព ជំនាញបានយកចិត្តទុកដាក់ខ្ពស់តែការជួយសង្គ្រោះនេះ ជួបបញ្ហាប្រឈមយ៉ាងខ្លាំងដោយ សារភូមិជាច្រើននៃឃុំទាំងបួននោះពុំមានប្រភពទឹកដើម្បីបូមបាចជួយសង្គ្រោះស្រូវសន្ទូង សំណាប និងស្រូវព្រួសឡើយ ។
សូមបញ្ជាក់ថា ភាពរាំងស្ងួតបានអូសបន្លាយពេលយូរបែបនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់ដីស្រែចំការរាប់ពាន់ហិចតាទូទាំងខេត្ត ហើយបណ្តាលឱ្យសន្ទូង សំណាប និងស្រូវព្រួស ក្នុងនោះអាជ្ញាធរ ពាក់ព័ន្ធបានយកចិត្តទុកដាក់ជួយ សង្គ្រោះតាម លទ្ធភាពដែលធ្វើទៅបាន ប៉ុន្តែតំបន់ណាដែល ខ្វះខាតប្រភពទឹកគឺជាក្តីបារម្ភខ្លាំងបំផុត បើមេឃមិនមានភ្លៀងធ្លាក់ទេនោះនឹងបណ្តាលឱ្យស្រូវសន្ទូង ងាប់ផុតហួសមិនខានឡើយ៕