រថយន្ដម៉ាកកាម៉ាស បើកគេចពីអ្នកជិះម៉ូតូជ្រុលបុករបងការិយាល័យតំណាងរាស្ត្របាក់ខ្ចេច
កំពង់ឆ្នាំង៖ ស្រី្តម្នាក់ និងកូនតូច បានរួចផុតពីសេចក្តីស្លាប់ ខណៈនាង បានជិះម៉ូតូបញ្ច្រាសទិសដល់ផ្លូវបែកជា៥ ត្រូវឡានកាម៉ាស មួយគ្រឿងគេចពីម៉ូតូទៅបុករបងការិយាល័យ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រលំបាក់ខ្ចេច។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៨និង២៥នាទី ព្រឹកថ្ងៃទីទី២៧ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ ចំណុចផ្លូវបែកជា៥ មុខសាលាខេត្តកំពង់ឆ្នាំង ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា ស្ត្រី និងកូនតូច ដែលវិះនឹងមានគ្រោះថ្នាក់ ដល់ជីវិត មានឈ្មោះ ស្រី ចេ អាយុ៣៨ឆ្នាំ និងកូនប្រុសអាយុ១ឆ្នាំម្នាក់ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជិះម៉ូតូម៉ាក Lets ពណ៌ ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 1A- 4095 ពីកើតទៅលិចដែលជាផ្លូវបញ្ច្រាស ដែលច្បាប់ហាមឃាត់។ លុះមកដល់ចំណុចកើតហេតុ ក៏មាន រថយន្តម៉ាក កាម៉ាស១គ្រឿង ពាក់ស្លាក លេខ ស្វាយរៀង 3A- 0841 បានបើកបរមកពីលិចទៅកើត បានបើកគេពីម៉ូតូនាងទៅបុករបងការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រលំដួលខ្ទេច ។ចំណែកស្ត្រីជាអ្នកបើកម៉ូតូបានដួលរបួសស្រាលថ្លោះចង្កេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអូសយកម៉ូតូ និងរថយន្តតៅរក្សាទុកនៅ ក្នុងអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីអោយភាគីទាំង៣ សម្របសម្រួលគ្នា ធ្វើការជួសជុលរបងការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងវិញ ដែលមានទំហំខូចខាតប្រមាណពី៨០០ទៅ១០០០ដុល្លារ។
ករណីគ្រោះថ្នាក់នេះ ប្រជាពលរដ្ឋជាច្រើននៅកន្លែងកើតហេតុ បាននិយាយថា អ្នកបង្កគ្រោះថ្នាក់គឺស្ត្រីជាអ្នកបើកបរម៉ូតូ ព្រោះថា ផ្លូវពីបេនឡាន ផ្សារលើ មកកាន់សាលាខេត្តកំពង់ឆ្នាំង ជាផ្លូវបញ្ច្រាស ដែលគេដាក់ផ្លាកសញ្ញាចរាចរណ៍ហាមជិះមក រឿងខាងលើនេះ បើរថយន្តកាម៉ាសមិនគេចមកបុកទេនោះ គឺត្រូវបុកម៉ូតូស្រី្ត ខាងលើស្លាប់ទាំងម្តាយទាំងកូនតែម្តង។ ករណីគ្រោះថ្នាក់ខាងលើនេះ បើតាមច្បាប់ គឺស្ត្រីខាងលើ ត្រូវតែចេញសងថ្លៃខូចខាតទាំងអស់ ទាំងរបងនិងរថយន្តរបស់គេ៕