តូចចិត្តនឹងជំងឺប្រចាំកាយ សម្រេចចិត្តចងក សម្លាប់ខ្លួន លើដើមអំពិល
បាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែគេបានប្រទះឃើញស្ត្រីម្នាក់បានចង ក ព្យួរនៅលើដើមអំពិលខាងក្រោយភូមិទាំងព្រឹក បន្ទាប់ពីស្ត្រីរូបនេះ ធ្លាប់ពោលអំពីអាការៈ រោគប្រចាំកាយរបស់នាង ដែលធ្វើអោយនាងមានការពិបាកចិត្តជាប់ជាប្រចាំ ដោយគ្មានការសប្បាយចិត្តទាល់តែសោះ ។
ករណីនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុច ក្រុមទី១៣ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ស្ដ្រីរងគ្រោះរូបនេះ ឈ្មោះ យ៉ាំង ឡែន អាយុ៣៨ឆ្នាំ រស់នៅភូមិបាល្ល័ង្គលើ ឃុំខ្នាចរមាស ស្រុកបវេល។ នៅពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យគឺសង្កេតឃើញថា ស្ត្រីរងគ្រោះបានប្រើប្រាស់ខ្សែគោពណ៌ស ដើម្បីចង ក ទៅនឹងមែកអំពិល ក្បែរមាត់អូរ ដែលស្ថិតនៅខាងជើងឈៀងខាងលិច ចម្ងាយប្រមាណ ៧០ ម៉ែត្រ ពីផ្ទះម្តាយ ជនរងគ្រោះ ត្រង់ចំណុចកើតហេតុខាងលើ ហើយពិតជាបានធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនយ៉ាងពិតប្រាកដ ដោយគ្មានពាក់ព័ន្ធទៅ នឹងករណីឃាតកម្មអ្វីនោះឡើយ ។
តាមការរៀបរាប់ពីក្រុមគ្រួសារ បានអោយដឹងថា ស្ត្រីរងគ្រោះធ្លាប់មានរោគប្រចាំកាយជាយូរមកហើយ គឺរោគខ្លាញ់រុំបេះដូង ដូច្នេះ ហើយបានជានាងសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនតែម្តង ។ ក្រោយពេលត្រួតពិនិត្យ សមត្ថកិច្ចបានប្រគល់សពស្ត្រីរងគ្រោះទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ៕