ពលរដ្ឋជាង៤ពាន់នាក់ មានការធ្វើក្នុង តំបន់សេដ្ឋកិច្ច ពិសេសខេត្តបន្ទាយមានជ័យ មិនបាច់ចំណាកស្រុក
បន្ទាយមានជ័យ ៖ ឧស្សាហកម្ម ក្នុងខេត្តបន្ទាយមានជ័យ ទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស បានចំណាយទន់២១,៥លានដុល្លារ និងផ្តល់ការងារធ្វើដល់ពលរដ្ឋជាង៤ពាន់នាក់ ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ គឺជាខេត្ត១ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស បានចាប់បដិសន្ធិ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៨ ដោយកាត់ យកស្រុកមួយចំនួនពីរស្រុកបាត់ដំបង ដែលមានទីរួមខេត្តស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ជាចំណុច ប្រសព្វគ្នា រវាងផ្លូវជាតិលេច៥ លេខ៦ លេខ៥៦ និងផ្លូវដែក ១ខ្សែ ពីភ្នំពេញទៅប៉ោយប៉ែត ដែលកំពុងដំណើរការសាងសង់ អោយដំណើរការ នាដើមឆ្នាំ២០១៧ ។ ខេត្តនេះ មានព្រំប្រទល់ ជាប់និងប្រទេសថៃ ជាប់ខេត្តបាត់ដំបង ខេត្តឧត្តមានជ័យ ខេត្តសៀមរាប មានស្រុក-ក្រុងចំនួន០៩ លើផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋ ១៨១.០០៦គ្រួសារ ។
លោក បានបន្ត ឲ្យដឹងទៀតថា ដោយមានការគាំទ្រពីរដ្ឋាភិបាលពិសេស សម្តេចតេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ហើយអនុញ្ញាតអោយមានតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះ មានការងារធ្វើ មានចំណូលសមរម្យ មិនចំណាកស្រុក ។
តំបន់សេដ្ឋកិច្ចដែល កើតមាននៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន២ គឺតំបន់សេដ្ឋកិច្ចអូនាង មាន៥ក្រុមហ៊ុនវិនិយោគ កំពុងដំណើរការ លើវិស័យផលិតប្រអប់គ្រឿងអលង្កា និងវិស័យវាយនភណ្ឌ ប្រើប្រាស់កម្មករ១.៣៤១នាក់ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានក្រុមហ៊ុនចំនួន២ កំពុងដំណើរការផលិត គ្រឿងអេឡិចត្រូនិក និងស្រោមពួករថយន្ត ប្រើប្រាស់កម្មករ ១.២១១នាក់ និង៣ក្រុមហ៊ុនទៀតនៅកណ្តាលទីរួម ខេត្តបន្ទាយមានជ័យ កំពុងដំណើរការលើវិស័យវាយនភណ្ឌ និងម៉ាស៊ីនកិនស្រូវ ប្រើប្រាស់កម្មករ ១.៥៦៣នាក់ ។
តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយតំបន់ដាច់ស្រយាល និងស្ងាត់ជ្រងំ និងជាតំបន់សមរភូមិ គ្មានមនុស្សនៅ ទៅជាតំបន់អ៊ូអរ ពរពេញទៅដោយការអភិវឌ្ឍលើ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង ជាពិសេសតំបន់ប៉ោយប៉ែត ។ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងនាមលោក ជា អាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលដល់ ការវិនិយោគ និងបន្តទាក់ទាញវិនិយោគមកបណ្ដាក់ទន់ បន្ថែមទៀត ការចុះអនុសារណៈយោគយល់គ្នា វាងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តក្នុងប្រទេសដទៃទៀត ដែលបានចុះ MOU ជាមួយគ្នា ។
បន្ថែមលើការខិតខំ សម្របសម្រួលទាក់ទាញវិនិយោគទន់នេះផងដែរ លោកបានសំណូមពរដល់ប្រជាពលរដ្ឋក្នុងស្រុក ត្រូវប្រើអោយអស់សក្ដានុពលទាំងវិស័យសេដ្ឋកិច្ច កសិកម្ម និងឧស្សាហកម្ម កាត់បន្ថយការចំណាក់ស្រុកដោយងាក មកលើការងារទាំងអស់នេះវិញ ៕