ស្ដ្រីមានជម្ងឺប្រចាំកាយម្នាក់ ត្រូវបានប្ដី ប្រទះឃើញលង់ទឹកស្រះ ខាងក្រោយផ្ទះស្លាប់
សៀមរាប៖ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺប្រចាំកាយ (ស្កន់ជាន់) ត្រូវបានប្តីប្រទះឃើញ អណ្តែតទឹកស្រះ ខាងក្រោយផ្ទះ របស់ខ្លួនស្លាប់ យ៉ាងអាណោចអធ័ម ខណះមកពីធ្វើការវិញ។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា នៅ វេលាម៉ោង៨ និង១៨នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ថា មានករណីលង់ទឹកស្រះក្រោយផ្ទះរបស់ខ្លួន បណ្ដាលឲ្យស្រី្តម្នាក់ បានស្លាប់ករណីនេះ កើតឡើងនៅក្នុងភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។ លោកអធិការនគរបាលស្រុក បានបន្តថា ជនរងគ្រោះមានឈ្មោះ ព្រំ ឡែម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
បើតាមការរៀបរាប់របស់ប្តីជនរងគ្រោះឈ្មោះ ហេង ឆៃ ប្រាប់សមត្ថកិច្ចនគរបាលថា រូបគាត់បានចេញទៅប្រកបមុខ របរ នៅឯក្រៅ ដូចសព្វមួយដង ពេលត្រឡប់មកផ្ទះ វិញ បាត់ប្រពន្ធ ហើយ បានដើររកក៏ប្រទះឃើញស្លាប់ នៅក្នុងទឹកស្រះក្រោយផ្ទះ បន្ទាប់មកគាត់បាន ហៅអ្នកជិតខាង ឲ្យមកជួយស្រង់ យកមកដាក់លើគោក។
លោកបន្តថា ករណីនេះ ប្តីជនរងគ្រោះបានសន្និដ្ឋានថា ប្រហែលជាប្រពន្ធគាត់ចុះទៅដងទឹកស្រះ ហើយ រអិលជើងធ្លាប់ក្នុងទឹកស្រះ បណ្ដាលឲ្យស្លាប់ ដោយសារគាត់មិនចេះហែលទឹកផង។ ម៉្យាងវិញទៀត គាត់មានជំងឺប្រចាំកាយ(ស្កន់ជាន់)។
ក្រោយពីកម្លាំង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យសាកសព ហើយ បានសន្និដ្ឋានថា ស្រ្តីរងគ្រោះពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវ បានប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕