ព្រះសង្ឃ អាជ្ញាធរ និងក្រុមយុវជន បើកយុទ្ធនាការដង្ហែក្បួនប្រឆាំងការប្រើគ្រឿងស្រវឹង
សៀមរាប៖ ព្រះសង្ឃ កងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមយុវជន បានបើកយុទ្ធនាការ ដង្ហែក្បួន នៅតាមដងផ្លូវ ក្នុងទីក្រុងសៀមរាប និងចែកខិត ប័ណ្ណ ប្រឆាំងនឹងការប្រើគ្រឿងស្រវឹង ទៅឱ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុង។
លោក សេង រិទ្ធី ប្រធានកម្មវិធី នៃមជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍និងសន្តិភាពលោកមានប្រសាសន៍បានឲ្យដឹងថា លោកចង់ផ្ញើសារដ៏សំខាន់មួយទៅពលរដ្ឋខ្មែរ គឺសូមយកប្រាក់ទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ប្រសើរជាងការយកទៅទិញស្រាផឹក។ លោក ក៏អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត គឺនៅពេលទៅចុះឈ្មោះ បោះឆ្នោតខាងមុខ សូមកុំពិសារស្រា ពីព្រោះក្រៅតែពីធ្វើឱ្យបាត់បង់ស្មារតីវាក៏ធ្វើឱ្យការសំរេចចិត្តនានា មិនបានគិតគូរដិតដល់ទេ។
លោក ពៅ សាខន អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តសៀមរាប បានឲ្យដឹងថាលោក មានបទពិសោធន៍ កន្លងទៅ មានពលរដ្ឋខ្លះ បានផឹកស្រា ហើយទៅចុះឈ្មោះ បោះឆ្នោត បង្កឱ្យមន្ត្រីចុះឈ្មោះ មានការពិបាក ដូចបុគ្គលនោះភ្លេចភ្លាំងច្រើននិយាយស្ដាប់គ្នាមិនបាននិងពេលខ្លះឡូឡា នៅកន្លែងចុះឈ្មោះបោះឆ្នោតទៀតផង។
លោកអធិការនគរបាល ក្រុងសៀមរាប បាន ឱ្យដឹងថា កម្លាំងរបស់លោកជាច្រើននឹងត្រៀមការពារ នៅជិតកន្លែងចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះហើយ ប្រសិនបើពលរដ្ឋណា ស្រវឹងទៅរំខានដល់អ្នកដទៃ គឺកម្លាំងសន្តិសុខនឹងប្រើសិទ្ធិការពារកន្លែងចុះឈ្មោះ ដោយស្របច្បាប់៕