រថយន្ដដឹកខ្សាច់ ចុះពីលើស្ពានគីហ្សូណា ដាច់ហ្វ្រាំង ក្រឡាប់ផ្ងាជើងច្រងាង
កំពង់ចាម៖ រថយន្តដឹកខ្សាច់មួយគ្រឿង បើកឆ្លងកាត់ស្ពានគីហ្សូណាពីកើតមកលិច មកដល់រង្វង់មូលគល់ ស្ពាន ក៏ក្រឡាប់ផ្ងាជើងច្រងាង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៥ សីហា ២០១៦នេះ ។
អ្នកបើកបររថយន្ដដឹកខ្សាច់ក្រឡាបនេះ បាននិយាយថា រូបលោកបានបើករថយន្តហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ 3G3342 ភ្នំពេញ ដឹកខ្សាច់ចេញពីដេប៉ូមាត់ទន្លេភូមិទន្លេ បិទឃុំទន្លេបិទស្រុក-ខេត្តត្បូងឃ្មុំ ដើម្បីយកទៅលក់ភូមិស្គន់ឃុំសូរទិព្វស្រុកជើងព្រៃខេត្តកំពង់ចាម បានបើកឆ្លងកាត់ស្ពានគីហ្សូណា ពីកើតមកលិច ពេលមកដល់ គល់ស្ពានគីហ្សូណា លោកជាន់ហ្វ្រាំង មិនស៊ីហើយ លោកមើលទៅមុខ ឃើញមានអ្នកធ្វើដំណើរ ដោយរថយន្ត-ម៉ូតូជាច្រើនគ្រឿង កំពុងតែបើកវាង រង្វង់មូល ពិសេសនៅខាងជើង។ចំណែកនៅខាងត្បូង រង្វង់មូលឃើញមានចន្លោះខ្លះទោះបីខាងត្បូង រង្វង់ជាទិសបញ្ច្រាស មែនតែលោកសំរេចចិត្តបញ្ជា រថយន្តបត់ទៅខាងឆ្វេងដៃហើយបួងចង្កូត អោយរថយន្តក្រឡាប់នៅទីនោះ។
លោក បានបន្ថែមទៀតថា បើលោកមិនអោយរថយន្តក្រឡាប់នោះទេ រថយន្តនឹងបន្តទៅមុខអាចបុក មនុស្សឫហួសទៅបុកហាងលក់វ៉ែនតាឬហាងលក់កាហ្វេ ដែលនៅខាងមុខ។ ការសំរេចចិត្តរបស់លោក ពិតជាត្រឹមត្រូវនឹងទទួលបានលទ្ធផលល្អហួសការស្មាន មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។នគរបាលចរាចរផ្លូវគោកខេត្តកំពង់ចាម បាននអោយដឹងថា សមត្ថកិច្ចបានធ្វើការសំរួលចរាចរ និងបានស្ទូចរថយន្តដែលក្រឡាប់នេះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមព្រមទាំងនាំខ្លួនអ្នកបើករថយន្តខាងលើទៅធ្វើការសួរនាំ និងបំពេញសំណុំឯកសារតាមនីតិវិធី ៕