លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ស្នើសុំសម្ដេចតេជោ ជួយសាងសង់ស្ពានយោលឆ្លងអូរច្បារនៅស្រុកកោះញែក មួយកន្លែង
មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សរាប់រយគ្រួសារ នៅភូមិដាច់ស្រយាល មួយក្នុងឃុំ សុខសានស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងដង្ហោយហៅ សុំឲ្យសម្តេចតេជោ ហ៊ុន សែនជួយសាងសង់ ស្ពានយោលមួយកន្លែងនៅអូរច្បារប្រវែងជិត១០០ម៉ែត្រ ដោយសារនៅទីនោះ ពេលទឹកអូរឡើងខ្លាំង ពួកគាត់ត្រូវជិះក្បូនមកសាលារៀន។
ពួកគាត់ បានលើកឡើងថា ជារៀងរាល់ឆ្នាំពេលរដូវវស្សាមកដល់ទឹកអូរច្បារ ឡើងខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់ទីនេះបានទេ ពួកគេត្រូវជិះក្បូនឫស្សី មួយផ្ទាំង ជាយានចម្លងសម្រាប់នាំពួកគេមកសាលារៀន។
ឃើញទិដ្ឋភាព និងសកម្មភាពសិស្សានុសិស្សពិបាកធ្វើដំណើរទៅរៀនសូត្របែបនេះ ត្រូវបានមហាជន នៅមូលដ្ឋាន បានធ្វើការរិះគន់ធ្ងន់ៗ ដល់អាជ្ញាធរ ស្រុកកោះញែកថា គ្មានចេតនា ក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋធ្វើចរាចរណ៍ ហើយជាពិសេសក្មេងៗ សិស្សសាលាពិបាកក្នុងការធ្វើដំណើរមកសាលារៀនតែម្តង។
ប្រជាពលរដ្ឋ បាននិយាយថា វាជារឿងពិតណាស់នៅពេលរដូវវស្សាឈានមកដល់ក្មេងៗសិស្សសាលាជាច្រើនភូមិ តែងតែធ្វើដំណើរមកសាលារៀនដោយជិះក្បូន ជារៀងរាល់ឆ្នាំនៅរដូវវស្សា មិនមែន តែក្មេងៗសិស្សសាលាប៉ុណ្ណោះទេ សូម្បីតែលោកគ្រូអ្នកគ្រូប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទៅក៏ធ្វើដំណើរឆ្លងកាត់ទីនោះមិនបានដែរ ព្រោះគ្មានស្ពានឆ្លងឡើយគឺជិះក្បូន។ជាងនេះទៅទៀតបញ្ហាប្រឈមខ្លាំងគឺនៅពេលមានអ្នកជម្ងឺឈឺថ្កាត់ម្តងៗពិបាកជួយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យណាស់ ដោយសារតែគ្មានស្ពានសម្រាប់ឆ្លង។រីឯក្មេងៗសិស្សសាលាវិញក៏មានបញ្ហាច្រើនដែរពោលគឺនៅពេលទឹកជំនាន់ឡើងខ្លាំងពួកគាត់មិនបានធ្វើដំណើរមកសាលាបានដែរ ។ ដូច្នេះបញ្ហាទាំងអស់នេះ អាចធ្វើអោយមានអត្រានៃការបោះបង់ចោលសាលានិងអត្រាត្រួតថ្នាក់មានកម្រិតមួយខ្ពស់ផងដែរ។
លោកគ្រូ អ្នកគ្រូ បានលើកឡើងថា ក្មេងៗសិស្សសាលាមួយចំនួន នៅម្ខាងអូរ សិស្សខ្លះត្រូវឆ្លងកាត់អូរច្បារ ទៅរៀននៅសាលាបឋមសិក្សា កែរពៅ ខ្លះត្រូវឆ្លងកាត់ទៅរៀន នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសុខសាន ពួកគេត្រូវឆ្លងអូរនេះដូចគ្នា។
លោកគ្រូ អ្នកគ្រូ នាយកសាលា ព្រមទាំងសិស្សានុសិស្សបានធ្វើការសំណូមពរស្នើឱ្យអាជ្ញាធរស្រុក ខេត្តមេត្តា ជួយរកដំណោះស្រាយជាបន្ទាន់ពីបញ្ហាប្រឈមទាំងនេះផង ដើម្បីជួយសម្រួលដល់ការធ្វើ ចរាចរណ៍ដែលជាតម្រូវការដ៏ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងក្មេងៗសិស្សានុសិស្សឲ្យបានធ្វើដំណើរមកកាន់សាលារៀនឲ្យទាន់ពេលវេលាផង៕