ខុនដូ និងអាផាតម៉ិន ចំនួន២៨ គម្រោងទៀតនឹងបញ្ចប់នៅឆ្នាំនេះ
ភ្នំពេញ ៖ ចំនួនខុនដូ និងអាផាតម៉ិនចំនួន២៨គំរោងទៀត នឹងបញ្ចប់នៅចុងឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារនេះ កាន់តែមានការប្រកួតប្រជែងខ្លាំងជាងមុន ខណៈការផ្គត់ផ្គង់ច្រើនលើសតម្រូវការ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ ខុនដូ ចំនួន១១គំរោងមានជាច្រើនពាន់យូនីត និងអាផាតម៉ិនចំនួន១៧គំរោង ស្មើនឹងផ្ទះចំនួន៨០០យូនីតទៀត នឹងដាក់ចូលក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ ខណៈបច្ចុប្បន្នមានអាផាតម៉ិនចំនួន៦៥០០យូនីត និងខុនដូចំនួន២៩០០យូនីតបាន និងកំពុងដំណើរការនៅលើទីផ្សាររួចហើយ។
ការសិក្សាដដែលក៏បាន រកឃើញថា នៅឆ្នាំ២០១៧ខាងមុខនេះ ខុនដូចំនួន២៧គំរោងស្មើនឹង៨១០០យូនីតទៀតនឹងដាក់ដំណើរការ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានភាពប្រកួតប្រជែង។
អ្នកនាង អាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ សីហានេះថា អត្រាប្រើប្រាស់អាផាតម៉ិនបច្ចុប្បន្ន គ្របដណ្ដប់ ប្រមាណ៨៦ភាគរយ ប៉ុន្តែការប្រើប្រាស់ខុនដូមានអត្រាទាបជាងនេះ ដូច្នេះ នៅពេលការផ្គត់ផ្គង់កើនឡើង វាលំបាកបន្តិចក្នុងការធ្វើឲ្យតម្លៃជួលអាផាតម៉ិនកើនឡើង ដែលទាមទារឲ្យម្ចាស់អាផាតម៉ិន នានាធ្វើកាកែលំអរ ពង្រឹងសេវាកម្ម និងគុណភាពសេវារបស់ខ្លួន ដើម្បីទាក់ទាញអ្នកស្នាក់នៅ។
អ្នកនាង បានបន្តថា “ទីផ្សារអាផាតម៉ិននៅតែល្អប្រសើរ ទោះជាប្រឈមមុខនឹងការប្រកួតប្រជែងកើនឡើងក្តី ដោយសារនៅកម្ពុជាមានជនបរទេសរស់នៅប្រមាណ៣ម៉ឺននាក់ និងមានអ្នកធ្វើការនិងអ្នកវិនិយោគ ថ្មីៗកាន់តែច្រើនចូលមកកាន់ប្រទេសនេះ”។
ទោះជាយ៉ាងណាយោងតាមការសិក្សារបស់ក្រុមហ៊ុន Knight Frank នៅក្នុងឆមាសទី១ឆ្នាំនេះបានរកឃើញផ្ទុយពីនេះ ដោយរបាយការណ៍បានបង្ហាញថា វិស័យអាផាតម៉ិនសម្រាប់ជួលក៏កំពុងរងសម្ពាធផងដែរ ជាមួយនឹងការធ្លាក់ចុះតំលៃជួល៧.២០ភាគរយ ដោយសារកំណើននៃការប្រកួតប្រជែង ពីចំនួនអាផាតម៉ិនសម្រាប់ជួល និងខុនដូដែលបានបញ្ចប់ការសាងសង់។
ការសិក្សារបស់ក្រុមហ៊ុនKnight Frankបានបង្ហាញសញ្ញាអវិជ្ជមានបន្ថែមទៀត ដោយបានរកឃើញថា តំលៃជួលត្រូវបានគេព្យាករណ៍ថានឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅពេលគម្រោងសាងសង់ជាច្រើនទៀត នឹងសាងសង់រួចរាល់ចាប់ពីចុងឆ្នាំនេះ ដល់ឆ្នាំ២០២០ខាងមុខ៕
ដកស្រង់ ៖ ពីគេហទំព័របាយ័ន