អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
បន្ទាយមានជ័យ ៖ ពិធីប្រកាស បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ដែលមានប័ណ្ណសំគាល់ក្បាលដីចំនួន១.៧៩៣ក្បាលដី នៅក្នុងភូមិព្រហូត សង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦នេះ។ ពិធីនេះ មានការចូលរួមលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋម្ចាស់ដី ជិត៥០០នាក់ បានចូលរួមផងដែរ។
លោក មួងវិបុល អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាថ្ងៃនេះ នៅក្នុងវត្តសុភមង្គលបានធ្វើពិធីប្រកាស់បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធដែលមានក្បាលដី១.៧៩៣ក្បាលដីនៅក្នុងភូមិព្រហូតដែល មានប្រភេទដី ដូចជា ដីលំនៅឋាន ដីកសិកម្ម ដីសាលារឿន ដីគណបក្ស ដីបឹង ក្បាលដីទំនាស់ ដីគ្មានទិន្នន័យ ដីពាក់ព័ន្ធផ្លូវវាងក្រុងជាដើម ។ហើយប្រភេទទ្រព្យមាន ទ្រព្យរួមប្តីប្រពន្ធទ្រព្យខាងប្តី ទ្រព្យខាងប្រពន្ធ ទ្រព្យនៅលីវ ទ្រព្យរដ្ឋ ទ្រព្យកម្មសិទ្ធជាដើម។
លោក បានបន្ដទៀតថា ក្នុងការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះសូមឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងក្បាលដីនេះត្រូវមកពិនិត្យឲ្យបានគ្រប់ៗគ្នា ។ ក្នុងការពិនិត្យនេះមានរយះពេលតែ១៥ថ្ងៃគិតចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦គឺរាប់បញ្ចូលទាំងថ្ងៃឈប់សំរាក។ ហើយក្នុងរយះពេល១៥ថ្ងៃនេះ ជាពេលវេលាកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដីដើម្បី បញ្ជាក់ថា ទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋពិតជាត្រឹមត្រូវឫអត់ ហើយក្នុងការពិនិត្យនោះបើដីប្រជាពលរដ្ឋណាមានកំហុស ឆ្គង ដោយប្រការណាមួយនោះ ដូចជា ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការតវ៉ាស្នើសុំឲ្យក្រុមការងារកែតម្រូវក្នុងកំឡុងពេល១៥ថ្ងៃនេះហើយ ក្រោយពីបិទផ្សាយនេះ ចប់ជាស្ថាពរហើយអ្នកកាន់កាប់ដីមិនអាចធ្វើការតវ៉ាបានទៀតឡើយ។
ក្នុងឱកាសនោះដែរ លោក សួន បវរ បានឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានមកពិនិត្យការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធនេះ ក្រោយពិនិត្យរួចហើយ ត្រូវជួយធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋណាដែលមិនបានចូលរួមពិនិត្យឲ្យបានយល់ដឹងទាំងអស់គ្នាផង ។ លោក ក៏បានឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាបង្កលក្ខណៈផ្តល់ភាពងាយស្រួលជាមួយក្រុមការចុះបញ្ជីដីធ្លីដើម្បីឲ្យក្រុមការងារងាយស្រួលអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីឲ្យបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនៅថ្ងៃខាងមុខនេះផង៕