ក្រុម កម្មករនាំគ្នាហែក្បួនមកសាលាខេត្តតាកែវ ឲ្យអាជ្ញាធរជួយរកដំណោះស្រាយ
តាកែវ ៖ ដំណោះស្រាយចំពោះកម្មករមិនបានដោះស្រាយនោះទេ ខណៈពួកគាត់នាំគ្នា ធ្វើកូដកម្មទាមទារលក្ខខ័ណ្ឌការងារមួយចំនួនជាមួយថៅកែ រោងចក្រ ជាងមួយអាទិត្យមកហើយ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។
កម្មករ-កម្មការិនី បានឲ្យដឹងថា ពួកគាត់ ជាកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់យីហោ ហ្កាបបូថេក ត្រេឌីង ខមភេនី លីមីធិត ដែលមានអាសយដ្ឋាននៅភូមិតាឌូ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនពីថៅកែ និង សុំទម្លាក់ឈ្មោះ លោក ផាន សុភក្រ ប្រធានគ្រប់គ្រង ដោយមូលហេតុឈ្មោះនេះ មិនដែលជួយកម្មករនោះទេ ដកកម្មករគ្មានមូលហេតុ និងជេរកម្មករទៀតផង។
ពួកគាត់ បន្ថែមទៀតថា ពួកធ្វើកូដកម្មជាងមួយសប្តាហ៍ មកហើយ នៅក្នុងរោងចក្រ ថែមទាំងដាក់របាយការណ៍មកសាលាផងដែរ ។ តែថៅកែ និងអាជ្ញាធរ មិនបានដោះស្រាយជូនពួកគាត់នោះទេ ទើប នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ ក៏នាំគ្នាសម្រេចដើរហែរក្បួន មកសាលាខេត្តតាកែវតែម្តង ដើម្បីឲ្យអាជ្ញាធរខេត្ត ជួយរកដំណោះស្រាយឲ្យពួកគាត់។
ជុំវិញករណីនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីប្រធានមន្ទីរពាក់ព័ន្ធក៏ដូចជាអាជ្ញាធរខេត្តតាកែវ ចំពោះដំណោះស្រាយជូនកម្មករដែលធ្វើកូដកម្មតវ៉ា នេះ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៤នេះ៕