ឃាត់ខ្លួនស្ដ្រីម្នាក់ ពីបទ ខ្ចីម៉ូតូគេ យកទៅដូរ ម៉ូតូរបស់ខ្លួន ជាប់នៅកុងស៊ី
ឧត្តរមានជ័យ ៖ ស្ដ្រីម្នាក់មានមុខរបរជាជាងអ៊ុតសក់ បានក្លាយខ្លួនជាជនល្មើស បន្ទាប់ពីខ្ចីម៉ូតូមិត្តភ័ក្ដិថាជិះមួយភ្លែត ស្រាប់តែ យកទៅបញ្ចាំក្នុងតម្លៃ៥០០ដុល្លារ ត្រូវបានជនរងគ្រោះប្ដឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន ។
របាយការណ៍ក្នុងពាក្យបណ្ដឹង បានឲ្យដឹងថា ស្ត្រីជនសង្ស័យមានឈ្មោះ សិន ស្រីមិច អាយុ២៧ឆ្នាំ មុខរបរជាជាងអ៊ុតសាក់ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ឃាត់ខ្លួន ធ្វើកំណត់ហេតុ បន្ទាប់ពីទទួលពាក្យបណ្តឹងពីឈ្មោះ អ៊ី ឃុននី ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាមិត្តភ័ក្ដិ ស្ត្រី ខាងលើចោទប្រកាន់ថា បានខ្ចីម៉ូតូរបស់ខ្លួនម៉ាក (រេរR) កាលពីល្ងាច នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមសម្តីរបស់អ្នកមីងឈ្មោះ អ៊ីម ផៃ ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ អ៊ី ឃុននី បានអោយដឹងថា ស្ត្រីឈ្មោះ សិន ស្រីមិច នេះបានទូរស័ព្ទមក អ៊ី ឃុននីថា ខ្ចីម៉ូតូឡើងភ្នំមួយភ្លែតដោយត្រូវជាមិត្តភ័ក្ដិជិត ស្និតយូរមកហើយៗក៏ធ្លាប់ពឹងគ្នាទៅវិញទៅមកក៏ព្រមអោយខ្ចី។បន្ទាប់ពីស្ត្រីខាងលើ យកទៅ ហើយពួកគាត់ជាម្ចាស់ចាំបាត់ៗ លុះស្អែកឡើងទើបដឹងថា ឈ្មោះ សិន ស្រីមិច នេះយកម៉ូតូទៅដូរនិងម៉ូតូរបស់ម្តាយខ្លួន ដែលជាប់បញ្ចាំជាច្រើនថ្ងៃមកហើយ ហើយយកម៉ូតូម្តាយខ្លួនអោយវិញ ចំណែកម៉ូតូឈ្មោះ អ៊ី ឃុននី នៅជាប់ម្តង។
បន្ទាប់ពីដឹងរឿងឈ្មោះ សិន ស្រីមិច បានអង្វរថា កុំអោយប្តឹងអី ព្រោះសុទ្ធតែគ្នាឯងទេ ហើយសន្យាយកម៉ូតូមកអោយវិញ នៅពីរថ្ងៃក្រោយ។ម្ចាស់ម៉ូតូ បន្តថា ដល់ថ្ងៃសន្យាមិនឃើញស្ត្រីខាងលើយកម៉ូតូមកសងនោះទេ ហើយបានសន្យាហើយសន្យាទៀត ទើបពួកគាត់ប្តឹងសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានហៅឈ្មោះ សិន ស្រីមិច មកសម្រុះសម្រួល និងធ្វើកិច្ចសន្យា ដោយឈ្មោះ សិន ស្រីមិច ព្រមយកម៉ូតូមកសងវិញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ ប្រសិនបើដល់ថ្ងៃសន្យាហើយមិនឃើញនិងត្រូវទទួលខុសត្រូវតាមនីតិវិធីច្បាប់៕