ធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ថៃ អ្នកជិះ៥នាក់ស្លាប់ និងរងរបួស
បាត់ដំបង ៖ មានមនុស្ស៥នាក់ស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ជាប្រភេទយន្តហោះសម្រាប់ជួល ឬម៉ៅរបស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលថៃ កាលពីវេលាម៉ោង៤ និង២៧ នាទី ល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយវត្ត ឡាំប្រាក់អុង ក្នុងតំបន់ណងចក។
អ្នកឃើញហេតុការណ៍ បាននិយាយថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានយន្តហោះខ្នាតតូច មួយគ្រឿង បានធ្លាក់ដាំក្បាលចូលទៅក្នុងទឹកអូរ ដែលធ្វើអោយផ្នែកខាងក្បាលយន្តហោះបាក់បែកខ្ទេចខ្ទី ។
នៅក្នុង ហេតុការណ៍ដ៏រន្ធត់នេះដែរ ក្រោយពីកំលាំងសមត្ថកិច្ច និងក្រុមបង្ការ ពន្លត់ អគ្គីភ័យបានចេញទៅអន្តរាគមន៍ គេសង្កេតឃើញថា មានមនុស្សចំនួន៥នាក់ ដែលជិះនៅក្នុងយន្តហោះនេះ ហើយក្នុងនោះផងដែរ គឺមានបុរសម្នាក់ បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ផងដែរ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ វេតការុណរ៉ាត់ ដែលនៅជិតទីតាំងកើតហេតុ ។
តាមការអះអាងពីក្រុមជំនាញ បានបញ្ជាក់ថា យន្តហោះនេះ គឺជាប្រភេទយន្តហោះឈ្នួល ខ្នាតតូចសម្រាប់អោយប្រជាពលរដ្ឋជួល ឬម៉ៅជិះជាលក្ខណៈគ្រួសារតែម្តង ដែលជារបស់ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលថៃ TRB 106 ដែលបានចេញដំណើរពីខេត្ត ណាក់ខន រ៉ាចស៊ីម៉ា ឆ្ពោះទៅកាន់ ខេត្តសុវណ្ណភូមិ ហើយក៏បានជួបនឹងឧបទ្ទវហេតុតែម្តង ។ ប៉ុន្តែ គេមិនទាន់ហ៊ានអះអាងនៅឡើយទេថា តើការធ្លាក់យន្តហោះនេះបណ្តាលមកពីអ្វីនោះទេ ដោយបច្ចុប្បន្នកំលាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ៕