បង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ រឹបអូសឈើបាន៥គោយន្ត
ស្ទឹងត្រែង៖ រោងសិប្បកម្មកែច្នៃ ឈើខុសច្បាប់ មួយកន្លែង នៅតាមបណ្តាយផ្លូវ ជាតិលេខ៩ ដែលហ៊ុមព័ទ្ធទៅដោយស័ង្កសី ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយនគរបានប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាប និងបានធ្វើការរឹបអូសឈើប្រភេទធ្នង់ដុំតូចៗ ចំនួនប្រមាណ៥គោយន្តកែច្នៃ ។
រោងកែច្នៃ ឈើខុសច្បាប់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការ ចុះបង្ក្រាបកាលពីវេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃទី២០ ខែសីហាឆ្នាំ២០១៦ នៅចំណុច ជិតអូរចង្ហា តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ឈើដែលសមត្ថកិច្ចបង្ក្រាបខាងលើជាប្រភេទឈើធ្នង់ដុំតូចៗ ដែលប្រជាពលរដ្ឋកាប់គាស់គល់ពីក្នុងដីសល់ពីគេកាប់ដើមធំ ហើយអា ពុះច្រៀក នៅក្នុងព្រៃក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ យកមកលក់ឱ្យថៅកែវៀតណាមម្នាក់ឈ្មោះ ធឿង ដែលបានមកជួលផ្ទះឈ្មោះ រិទ្ធ ហៅក្រាក់ដាក់ម៉ាស៊ីនកែច្នៃនៅទីនោះ ដោយពុំ មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបតែម្តង។
ពាក់ព័ន្ធ និងករណីបង្ក្រាបឈើខាងលើនេះ លោក រី រស្មី នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលបានឱ្យដឹងថា ទីតាំងខាងលើលោកក៏ធ្លាប់បានចុះពិនិត្យ មើលដែរ តែមិនមានសកម្មភាពអ្វីនោះទេ គេថានិងសុំច្បាប់ពីភូមិពីឃុំ ហើយលោកបានហាមថា មិនឱ្យធ្វើអ្វីផ្ដេសផ្ដាស ទេ។ក្រោយមកត្រូវបានគេរាយការណ៍ថា រោងកែច្នៃ ឈើនេះ បានលប លួចធ្វើសកម្មភាពដោយខុសច្បាប់ លោកក៏បានដឹកនាំកម្លាំងជំនាញសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការចុះបង្ក្រាបតែម្តង។
លោកនាយសង្កាត់ បានបន្តថា នៅក្នុងការបង្ក្រាបរោងកែច្នៃឈើខុសច្បាប់នេះ សមត្ថកិច្ចធ្វើកំណត់ហេតុ និងបានរឹបអូសឈើធ្នង់ច្រៀក ជាដុំតូចៗ ចំនួន៥គោយន្តកែច្នៃ ម៉ាស៊ីនច្រៀក ចំនួន២គ្រឿងផងដែរ។ ក្រោយការវាស់វែងរួច ម្ចាស់ត្រូវចូលខ្លួនមកបង់ផាពិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើ បើមិនចូលមកបង់ផាកពិន័យនិងត្រូវបញ្ជូនទៅកាន់តុលាការដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕