ចាប់ខ្លួន ជនសង្ស័យប្លន់សម្លាប់បុរសអ្នករត់ម៉ូតូឌុបម្នាក់ នៅស្វាយលើ បានហើយ
សៀមរាប៖ ជនសង្ស័យ ដែលប្លន់សម្លាប់បុរសម្នាក់យកម៉ូតូនៅស្វាយលើ កាលពីថ្ងៃទី២៧ខែ កក្កដា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បានហើយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដោយកម្លាំងនគរបាល ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
សូមរំលឹកថា បុរសម្នាក់ឈ្មោះ អៀម រ៉ាមី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានប្រពន្ធឈ្មោះ មាំ សុផុន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយប្តី ត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់យកម៉ូតូ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ហើយយកសាកសពទៅទំលាក់ចោលនៅវាលស្រែស្ថិតនៅខាងលិចភូមិឆេះចាន ឃុំ-ស្រុកស្វាលើ ខេត្តសៀមរាប។
ប្រពន្ធជនរងគ្រោះបានធ្វើការរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា ប្ដីរបស់គាត់បានប្រកបមុខរបររត់ម៉ូតូឌុបនៅខេត្តសៀមរាប ហើយបានបាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែឆ្នាំ ដ៏ដែលទើបទទួលបានដំណឹងថា ប្តីត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់យកម៉ូតូ។ ប្រពន្ធ បានបន្តថា ម៉ូតូដែលប្តីគាត់ជិះសម្រាប់រត់ឌុបចិញ្ចឹម ជីវិត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០១២ បិទតែម២០១៥ ពាក់ស្លាកលេខសៀមរាប 1N:2911។ ក្រោយពីមានហេតុការណ៍នេះ កើតឡើងកម្លាំងនគរបាលពាក់ព័ន្ធ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព ហើយបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម។
លោកវរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ករណីនេះលោក បានស្នើ សុំគោលការ និងការអនុញ្ញាតិ ពី លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ភឹង ចិន្ដារ៉េត ស្នងការរងជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងសុំកិច្ចសហការពីកម្លាំងនគរបាលជំនាញ នៅតាមបណ្ដាលខេត្តផ្សេងៗ ដើម្បីធ្វើការស្រាវជ្រាវ។លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះកម្លាំងនគរបាលចំណុះឲ្យ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមើលទៅគួរឲ្យសង្ស័យថា បានប្រព្រឹត្តិបទល្មើសអ្វីមួយ ហើយកម្លាំងនគរបាលខេត្ត បាននាំជនសង្ស័យមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេធ្លាប់បានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះម្នាក់យកម៉ូតូនៅក្នុងស្រុកស្វាយលើ កាលពីខែកក្កដា ឆ្នាំ២០១៦។
សមត្ថកិច្ចនគរបាលខេត្ត បានបន្តថា ជនសង្ស័យមានឈ្មោះ សាក់ បូរី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ម៉ូតូដែលសមត្ថកិច្ចនគរបាលឃាត់បាន ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1N:2911 មានលេខតួលេខម៉ាស៊ីន៨៦៦២៩៦៨ ផលិតនៅឆ្នាំ២០១៣។ ក្រោយពីបានធ្វើការសាកសួររួចហើយ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការរាយការណ៍ជូនកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយបានផ្ញើរូបភាពជនសង្ស័យ និងវត្ថុតាងមកជាមួយផងដែរ។
ក្រោយពីបានទទួលសេចក្តីរាយការណ៍របស់កម្លាំងនគរបាលខេត្តព្រៃវែងរួចមក លោកវរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការ និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ ស្នើសុំគោលការណ៍ និងចាត់កម្លាំងនគរបាលនៅក្រោមឱវាទចុះទៅដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើកិច្ចសហការ ជាមួយកម្លាំងនគរបាលជំនាញខេត្ត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដើម្បីនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរបន្ថែម នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្តទៅតាមផ្លូវច្បាប់៕