នាយផ្នែកមេព្រៃកំពង់ថ្ម រងការរិះគន់ថា ចាប់រថយន្តដឹងបទល្មើសព្រៃឈើ២គ្រឿង ជម្រិតទារប្រាក់ ៨០០ដុល្លារ ទើបដោះលែង
កំពង់ធំ៖ លោក សុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ខណ្ឌកំពង់ធំ បាននិងកំពុងរងការ រិះគន់ ពីប្រជាពលរដ្ឋថា បានដោះលែងបទល្មើសព្រៃឈើក្រៅច្បាប់ ច្រើនជាងការអនុវត្តន៍តាមច្បាប់ ដែលធ្វើឲ្យមតិសាធារណជន ខ្លះសុំឲ្យឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាម៉ី និងឯកឧត្ដម អភិបាលខេត្តកំពង់ធំ មេត្តាពិនិត្យករណីនេះផង កុំបណ្ដោយលោក សុត ម៉ារី ប្រើស្ដាយកន្ទេលធំប្រឡំដេក ច្រើនករណីពេក។
មតិសាធារណជននេះ បានផ្ដើមឡើងក្នុងពេលថ្មីៗនេះ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអាជ្ញាធរ ខេត្តកំពង់ធំ បន្ថែមការរឹត បន្តឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើស ព្រៃឈើ នាពេលប៉ុន្មានខែមកនេះ ក្នុងនោះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្ម ក៏ចេញបង្ក្រាបបទល្មើស ព្រៃឈើជាច្រើនករណី មានទាំងកិច្ចសហការបង្ក្រាបចំរុះ ជាមួយខេត្ត ,កិច្ចសហការបង្ក្រាបតែ កម្លាំងក្រោមឱវាទ និងការបង្ក្រាបដោយស្ថាប័នដ៏ទៃ ហៅទៅបង្ក្រាប។
យោងតាមប្រភពព័ត៌មាន ដោយឡែក១ទៀត បានបន្តឲ្យដឹងថា ការដោះលែងបទល្មើស ក្រៅច្បាប់នេះ តួយ៉ាងនៅក្នុងខែសីហា មានរថយន្ត២តោនកន្លះ ចំនួន២គ្រឿង នៅភូមិត្រពាំងឫស្សី កាលពីយប់ថ្ងៃទី៣ ដែលមានម្ចាស់ នៅឃុំក្រយារ(គ្រយៀរ)ស្រុកសន្ទុក ករណីនេះ ត្រូវបានសមត្ថកិច្ច ក្រោមឱវាទ គឺសង្កាត់ក្រយារ ឆ្លើយថា មានការឯកភាពពីលោកនាយផ្នែក សុត ម៉ារី ,រថយន្តយីឌុប២គ្រឿង ដែលបង្ក្រាបកាលពីរសៀលម៉ោង២និង៣០នាទី ថ្ងៃទី ៦ នៅចំណុចភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ដែលម្ចាស់ នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ។
ករណីនេះ ត្រូវ បានលោក សុត ម៉ារី បានប្រាប់អ្នកសារព័ត៌មានថា ឈើគេមានច្បាប់ ប្រជាពលរដ្ឋឆ្ងល់ថា បើឈើ មានច្បាប់ហេតុក៏ចាប់ឈើនោះ នាំមករក្សាទុកនៅស្នាក់ការផ្នែក។ចំណែកពាក្យចចាមអារ៉ាម លេច ពីបងប្អូន ម្ចាស់ឈើនោះថា រថយន្ត២គ្រឿងនេះ គឺចំណាយ ៨០០ដុល្លារ ទើបយករថយន្ត២គ្រឿងនេះ បាន។
គួរបញ្ជាក់ថា ករណីបង្ក្រាបបទល្មើស២ករណីនេះ គឺជាឈើជានា ដែលឈើ១ដើម ពុះច្រៀក ជា៤ហើយបង្កប់ឈើពីក្រោម។នៅចុងក្រោយនៃសីហានេះ កាលពីម៉ោងរំលងអាធ្រាត្រ ឈានចូល ដល់ថ្ងៃទី២១ បានបង្ក្រាបរថយន្តធន់ យីឌុប ១គ្រឿង ដឹកជានាឈើសុក្រម ដែលមានបង្កប់ឈើ ពី ក្រោម ឯករណីនេះ ត្រូវបាននាំមករក្សាទុកនៅផ្នែក ក្រោមការតាមដានពីអ្នកសារព័ត៌មានយ៉ាង យកចិត្តទុកដាក់ ក្នុងនោះ លោក សុត ម៉ារី បានឆ្លើយតប នឹងអ្នកសារព័ត៌មាន លោកសួរទៅ អ្នក អ្នកកាសែតដែលគេ ទៅថតនោះ គឺដឹងរឿងហើយ ចាំបាច់មកសួរខ្ញុំ ហើយលោកសួរទៅអ្នកដែល គេធ្វើសំណុំរឿងទៅ ។ចំណែកលោក ថូ គឹមហួរ នាយផ្នែកដែលជាទទួលទិសនោះ បានប្រាប់ថា លោកមិនដឹងទេ ព្រោះលោកមិនទាន់ចូលកន្លែង ហេតុនេះ លោកសួរទៅលោក សុត ម៉ារីទៅ៕