អង្គភាពសឹករងស្រុកឆែប រងការចោទប្រកាន់ថា ទៅរំលោភយកដីសហគមន៍ព្រៃឈើ ខណៈដីអង្គភាព ចាស់លក់ថ្លៃរាប់ម៉ឺនដុល្លារ
ព្រះវិហារ ៖ សេចក្តីរាយការណ៍ បានអោយដឹងថា ថ្មីៗនេះអង្គភាពតំបន់ប្រតិបត្តិការសឹករងស្រុកឆែប បានរំលោភយកដីសហគមន៍ព្រៃឈើក្រសាំងទំហំកន្លះហិកតា ដោយគ្មានឯកសារស្នើសុំពីសាលាខេត្ត សាលាស្រុកឆែប,ការិយាល័យភូមិបាលស្រុកឆែប,មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារអ្វីទ្បើយ។ដីកំពុងមានទំនាស់នេះទំហំ១០០ម៉ែត្រ គុណ៥០ម៉ែត្រ ស្ថិតនៅភូមិគុណភាពឃុំឆែប២ស្រុកឆែបខេត្តព្រះវិហារ។
ភ្នាក់ងារ បានអោយដឹង នៅព្រឹកថ្ងៃទី០២ សីហា២០១៦ថា ការរំលោភយកដីសហគមន៍ព្រៃឈើក្រសាំង នេះ បង្កអោយមានការនិយាយរិះគន់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីរាជការស៊ីវិលជុំវិញ ស្រុកឆែប ដោយសារសហគមន៍ព្រៃឈើនេះត្រូវបានអាជ្ញាធរចុះបញ្ជីការពារនិងអភិរក្សរួចរាល់ហើយ។អតីតបន្ទាយអង្គភាពសឹករងឆែបជិតសាលាស្រុកឆែបត្រូវបានលក់ថ្លៃរាប់ម៉ឺនដុល្លារអាមេរិក ជំនាន់អតីតសពលោក សោម បុប្ផា រ័ត្ន ក៏ប្តូរទីតាំងទៅធ្វើបន្ទាយថ្មី លើដីធំទូលាយមានរឿងអាស្រូវ មួយកន្លែងទៀតស្ថិតនៅចំណុចអូរចង្ហា ហើយក៏ឃុបឃិតគ្នាលក់ចេញជាលើកទី២ ថែមទៀត។
ប្រភពដដែល បានបន្ដទៀតថា លុយជាច្រើនម៉ឺនដុល្លារអាមេរិក ដែលលក់បន្ទាយបានទាំង២លើកមិនដឹងប្រធានអង្គភាពសឹករងឆែប យកទៅទុកឯណាទេ! ក៏ទៅចាប់យកដីសហគមន៍ព្រៃឈើក្រសាំងឆៅៗ តែម្តងដោយយកលេសប្រាប់ទៅអាជ្ញាធរដែនដីថា ដីដែលរំលោភយកនេះ ដើម្បីកសាង បន្ទាយសឹករងឆែប ជាលើកទី៣ ក្រោមការគ្រប់គ្រងរបស់លោក ទ្បុង សុធឿន ទើបទ្បើងកាន់តំណែងថ្មី បន្តពីមេបញ្ជាការសឹករងឆែបចាស់។ប្រជាសហគមន៍ព្រៃឈើក្រសាំងបានស្នើសុំលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ដើម្បីអន្តរាគមន៍ដកហូតយកដីខាងលើមកវិញប៉ុន្តែមកដល់ពេលនេះ ស្ងាត់ឈឹងពុំទទួលបានលទ្ធផលអ្វីទេ។
ប្រជាសហគមន៍ព្រៃឈើក្រសាំង បានអោយដឹងថា លោកបានធ្វើលិខិតតវ៉ាដល់លោកអភិបាលស្រុកឆែប និងអភិបាលខេត្តព្រះវិហាររួចរាល់ហើយ កាលពីពេលថ្មីៗនេះ ដើម្បីអោយលោកជួយអន្តរាគមន៍ដកហូតយកដីខាងលើមកវិញ។
ប្រជាពលរដ្ឋនិយាយថា មានតែអង្គភាពតំបន់ប្រតិបត្តិការសឹករងស្រុកឆែបមួយប៉ុណ្ណោះដែលហ៊ានរំលោភយកដីសហគមន៍ព្រៃឈើ ក្រសាំងទំហំទទឹង៥០ម៉ែត្រគុណបណ្តោយ១០០ម៉ែត្របើទោះបីអាជ្ញាធរស្រុកឆែប និងអង្គភាពរដ្ឋពាក់ព័ន្ធមិនអនុញ្ញាតប្រគល់ចំណែកដីសហគមន៍នេះអោយក៏ដោយ។
មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារមួយរូប បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់បានដឹងរឿងរ៉ាវនេះ នៅទ្បើយទេ ចាំលោកស៊ើបសួរទៅកាន់លោក ទ្បុង សុធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឆែប សិនថា តើពិតដូចជាការចោទប្រកាន់យ៉ាងណាដែរ ប៉ុន្តែក្រោយមកស្ងាត់ដំណឹងឈឹង។ ចំណែក លោក សុខ សាន្តតារា អភិបាលស្រុកឆែប បានឆ្លើយប្រាប់នៅព្រឹកថ្ងៃទី០២សីហានេះថា លោកកំពុងជាប់រវល់ប្រជុំ ចាំលោកទូរស័ព្ទមកវិញ ដើម្បីបំភ្លឺអំពីការរំលោភយកដីសហគមន៍ក្រសាំងខាងលើ ប៉ុន្តែស្ងាត់ឈឹងមកដល់រសៀលថ្ងៃដដែលនេះ។
ករណីនេះដែរ យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ទ្បុង សុធឿន បានទេពាក់ព័ន្ធនឹងប្រភពព័ត៌មានចោទប្រកាន់អង្គភាពរបស់គាត់ខាងលើនេះដោយអាជ្ញាធរមិនហ៊ានប្រាប់លេខទូរស័ព្ទរបស់គាត់ដល់អ្នកសារព័ត៌មាន ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ ខេត្តព្រះវិហារកំពុងល្បីល្បាញ និងរំជើបរំជួលខ្លាំងទៅលើកម្លាំងសមត្ថកិច្ចមួយក្តាប់តូចកំពុងមានមហិច្ឆតា និងអាងស្បែកខ្លា ដើររំលោភយកដីព្រៃឈើរដ្ឋហាមឃាត់មកធ្វើជាដីកម្មសិទ្ធបុគ្គល និងអង្គភាពដោយសារតែអាជ្ញាធរដែនដីមិនហ៊ានចាត់វិធានការតាមផ្លូវច្បាប់ និងទប់ស្កាត់ដកហូតយកដីរដ្ឋទាំងនោះមកវិញនោះទ្បើយ៕
សហការី